ឆ្នាំ២០២២ ជិតកន្លងផុតហើយ នេះជាពេលវេលាដើម្បីក្រឡេកមើលសមិទ្ធផលដែលខាមប៊ូចាយ៉ាទទួលបានក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ។
ក្នុងឆ្នាំ២០២២ យើងក៏បានជួបនឹងបញ្ហាផ្នែកលក់ដូចទៅនឹងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដទៃដែរ យ៉ាងណាមិញក្នុងឆ្នាំនេះ គេហដ្ឋានខាមប៊ូចាយ៉ាបានលក់ចេញចំនួន ៦០% នៃគម្រោងទាំងមូល។ សមិទ្ធផលនេះនឹងមិនអាចកើតមាននោះទេ ប្រសិនបើមិនមានការគាំទ្រ និងការទុកចិត្តពីម្ចាស់គេហដ្ឋានគ្រប់រូប។ យើងសូមអរគុណដល់ការជឿទុកចិត្តមកលើយើងកន្លងមកនេះ ហើយយើងក៏សូមស្វាគមន៍លោកអ្នកមកកាន់សហគមន៍ខាមប៊ូចាយ៉ា!
ស្របពេលដែលយើងកំពុងរៀបចំនឹងបញ្ចប់គម្រោងទី១ នេះ ខ្ញុំក៏សូមអរគុណដល់ក្រុមការងាររបស់យើងដែលឧស្សាហ៍ព្យាយាម និងមានភាពប៉ិនប្រសប់ដែលបានចូលរួមជាចំណែកបំពេញនូវគ្រប់ចំណុចទាំងអស់សម្រាប់ភាពជោគជ័យនៃគេហដ្ឋានខាមប៊ូចាយ៉ា។ យើងនឹងមិនទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះទេ ប្រសិនបើមិនមានភាពអត់ធ្មត់ និងមោះមុតចេញពីអ្នកទាំងអស់គ្នា ខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់។
ហើយក្នុងឆ្នាំនេះផងដែរ អ្វីដែលជាចំណុចសំខាន់មួយផ្សេងទៀតសម្រាប់យើង គឺការឈ្នះពានរង្វាន់ចំនួន០៥ ក្នុងកម្មវិធី PropertyGuru Cambodia Awards និងការទទួលបានពានរង្វាន់ចំនួន០២ បន្ថែមទៀតក្នុងកម្មវិធី Asia Regional Grand Finale នៅទីក្រុងបាងកក ដែលយើងគឺជាម្ចាស់ពានរង្វាន់ Best Breakthrough Developer ប្រចាំតំបន់អាស៊ី។ ខ្ញុំពិតជាមានមោទនភាព និងមានកត្តិយសជាខ្លាំងដែលបានទទួលពានរង្វាន់ជាតំណាងឲ្យខាមប៊ូចាយ៉ា និងប្រទេសកម្ពុជាលើឆាកអន្ដរជាតិក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមកពីបណ្ដារប្រទេសទាំង ១៣ ផ្សេងទៀតក្នុងតំបន់អាស៊ី។
សម្រាប់ឆ្នាំ២០២៣ ខាងមុខនេះ ខាមប៊ូចាយ៉ានឹងបន្ដចូលរួម និងផ្ដល់ឥទ្ធិពលវិជ្ជមានទៅកាន់វិស័យអចលនទ្រព្យតាមរយៈអ្វីដែលយើងធ្វើ។ យើងនឹងបន្ដស្វែងយល់បន្ថែម និងផ្ដល់ការអភិវឌ្ឍន៍ជីវភាពរស់នៅដែលមានលក្ខណៈខុសប្លែកពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដទៃទៀត។ ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ យើងបានភារកិច្ចកែច្នៃ និងបង្កើតអ្វីដែលប្រសើរជាងមុន និងចែករំលែកការបង្កើតថ្មីទាំងនោះទៅកាន់សហគមន៍របស់យើង ដើម្បីជួយរៀបចំ និងកសាងអនាគតល្អប្រសើរមួយសម្រាប់ប្រទេសកម្ពុជា។ ទំហំនៃឧបសគ្គ និងបញ្ហាទាំងនោះមានច្រើនពិតមែន ប៉ុន្ដែលទ្ធិផលដែលទទួលបានពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពក៏មានលក្ខណៈល្អប្រសើរជាងមុខផងដែរ។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទាំងឡាយគួរតែចំណាយពេលវេលាដើម្បីវាយតម្លៃ ក៏ដូចជាពិចារណាឡើងវិញទៅលើគុណតម្លៃ និងវិធីសាស្ដ្រដែលសក្ដិសមសម្រាប់ពួកគាត់នៅក្នុងទីផ្សារដែលកំពុងមានការរីកចម្រើន និងមានតម្រូវការសម្រាប់សំណង់ដែលមានគុណភាពខ្ពស់ និងការរចនាដែលមានភាពល្អប្រសើរ។ ការផ្លាស់ប្ដូរនេះនឹងទាមទារឲ្យមានការវិភាគ កែច្នៃ ជាមួយនឹងភាពក្លាហាន និងការបត់បែននៃក្រុមហ៊ុនអភិវឌ្ឍន៍ទាំងនោះ ដើម្បីបង្កើតគុណតម្លៃដែលល្អប្រសើរ មិនត្រឹមតែសម្រាប់ទីផ្សារប៉ុណ្ណោះទេ ក៏ដូចជាសម្រាប់សង្គមរបស់យើងផងដែរ។
ខាមប៊ូចាយ៉ារីករាយនឹងទន្ទឹមរង់ចាំនូវកិច្ចសហការទាំងឡាយ ក៏ដូចជាចែករំលែកចំណេះដឹងបន្ថែមទៀតក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ យើងសង្ឃឹមថានឹងមានការរីកចម្រើន ការចែករំលែកចំណេះដឹង និងការបង្កើតថ្មីបន្ថែមទៀតនាឆ្នាំក្រោយ!
លោក ថូនី សុជាតិ (Tony Socheat)
ស្ថាបនិក និងនាយកគ្រប់គ្រងនៃខាមប៊ូចាយ៉ា