ការសិក្សាពីប្រភេទលំនៅឋានគឺជាចំណុចដ៏សំខាន់មួយដើម្បីស្វែងយល់កាន់តែច្បាស់ពីអរិយធម៌ក្នុងសង្គម ឬក្នុងតំបន់ណាមួយ។ ដោយសារមនុស្សគ្រប់រូបបានចំណាយពេលវេលាជាច្រើននៅក្នុងគេហដ្ឋានរបស់ខ្លួន ដូច្នេះលំនៅឋានក៏អាចធ្វើការឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរនៃនយោបាយសង្គមផងដែរ។ ដូចដែលយើងបានសិក្សាកន្លងមកអំពីប្រវត្តិសាស្ដ្រក្នុងប្រទេស ការអភិវឌ្ឍន៍ក្នុងវិស័យស្ថាបត្យកម្មភាគច្រើនពឹងផ្អែកលើគោលការណ៍នៃរបបនយោបាយ គួបផ្សំជាមួយនឹងការផ្លាស់ប្ដូរនៃកត្តាភូមិសាស្ដ្រនយោបាយ។ ស្របពេលដែលជីវភាពរស់នៅមានលក្ខណៈកាន់តែល្អប្រសើរ លំនៅឋានក៏ត្រូវបានផ្លាស់ប្ដូរដើម្បីបំពេញតម្រូវការចាំបាច់របស់មនុស្សផងដែរ។ ហើយជាលទ្ធផល លំនៅឋានទាំងនោះមានការប្រែប្រួល និងផ្លាស់ប្ដូរទៅតាមរជ្ជកាលនីមួយៗនៅក្នុងប្រវត្តិសាស្រ្ដ។ ក៏ប៉ុន្ដែនេះមិនមានន័យថា បុគ្គលគ្រប់រូបរស់នៅក្នុងលំនៅឋានដូចគ្នានោះទេ ដោយឡែកលំនៅឋានដែលស្ថិតក្នុងតំបន់ឬវប្បធម៌តែមួយទទួលបានឥទ្ធិពលស្រដៀងគ្នា។
ស្របពេលដែលលំនៅឋានបន្ដមានការអភិវឌ្ឍន៍ជាលំដាប់ ការសិក្សាពីប្រវត្តិសាស្ដ្រនៃអរិយធម៌ទៅតាមសម័យកាលនីមួយៗអាចផ្ដល់ជាអំណះអំណាងគ្រប់គ្រាន់ដែលជួយដល់ការបកស្រាយថាតើកត្តាប្រពៃណី វប្បធម៌ និងព្រឹត្ដិការណ៍នយោបាយសង្គមដែលបានរៀបរាប់ខាងលើ បានផ្ដល់ឥទ្ធិពលអ្វីខ្លះដល់លំនៅឋានក្នុងប្រទេសកម្ពុជា។