ស៊ីម៉ងត៍
ប្រភេទស៊ីម៉ងត៍ដែលគេនិយមប្រើប្រាស់បំផុតនោះគឺ “ស៊ីម៉ងត៍ផតឡែន” ដែលជាសមាសធាតុម៉ដ្ឋពណ៌ប្រផះ ផ្សំឡើងជាទូទៅពី ថ្មកំបោរ ដីឥដ្ឋ រ៉ែដែក និងម្នាងសិលា ដែលត្រូវបានកិន និងដុតចូលគ្នាយ៉ាងសព្វ។ សមាសធាតុដើមនីមួយៗសុទ្ធតែមានចំណែកចូលរួមក្នុងប្រតិកម្មផ្សេងៗគ្នា ដែលរួមបញ្ចូលគ្នាទាំងអស់ ធ្វើឲ្យស៊ីម៉ងត៍ទទួលបាននូវលក្ខណៈសមស្របសម្រាប់យកទៅប្រើប្រាស់ក្នុងការងារសំណង់ផ្សេងៗទៀត។ ជាឧទាហរណ៍ គេប្រើប្រាស់ម្នាងសិលានៅក្នុងស៊ីម៉ងត៍ដើម្បីជួយសម្រួល ឬកាត់បន្ថយល្បឿនប្រតិកម្មទាំងឡាយណាដែលមានវត្តមានទឹក ជៀសវាងកុំឲ្យស៊ីម៉ងត៍កកលឿនពេក។ ដោយឡែក បើនិយាយជារួមវិញ ស៊ីម៉ងត៍ដើរតួនាទីហាក់បីដូចជាកាវដែលភ្ជាប់ថ្ម ឬសមាសធាតុផ្សំផ្សេងៗទៀតឲ្យស្អិតជាប់គ្នាបានល្អ។