Series:

០០៤. ខណ្ឌច្បារអំពៅ

ក្នុង SERIES​ នេះ យើងក្រឡេកទៅមើលការកកើត ក៏ដូចជាបច្ចុប្បន្នភាពនៃខណ្ឌច្បារអំពៅ ព្រមទាំងសិក្សាបន្ថែមពីសក្ដានុពល និងកត្តាគំរាមកំហែងផ្សេងៗទៀតដែលតំបន់នេះនឹងអាចជួបប្រទះនាពេលអនាគត។

ប្រវត្តិខណ្ឌច្បារអំពៅ

ស្ថិតនៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ ខណ្ឌច្បារអំពៅត្រូវបានចាត់ទុកជាតំបន់ដែលសម្បូរទៅដោយធម្មជាតិបៃតងក្នុងរាជធានីភ្នំពេញ។  

ដំបូងឡើយច្បារអំពៅជាចំណុះនៃខេត្តកណ្ដាល រហូតដល់ឆ្នាំ១៩៩៨ ច្បារអំពៅបានក្លាយជាសង្កាត់មួយនៃខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងឆ្នាំ២០១៣ សង្កាត់ច្បារអំពៅបានបំបែកចេញពីខណ្ឌមានជ័យ និងបានបង្កើតជាខណ្ឌច្បារអំពៅ។​

ប្រវត្តិឈ្មោះ

ដូចទៅនឹងអត្ថន័យនៃឈ្មោះរបស់ខ្លួន “ចម្ការអំពៅ” តំបន់ច្បារអំពៅធ្លាប់ជាផ្នែកមួយនៃតំបន់ជាយក្រុងក្នុងរាជធានីភ្នំពេញ។ ដោយសារភាពសម្បូរបែបនៃធម្មជាតិនិងដីចម្ការ បានធ្វើឲ្យតំបន់នេះមានភាពល្បីល្បាញខាងផ្នែកដំណាំកសិកម្មក្នុងស្រុក ដូចជាដំណាំពោត មៀន និងចេកជាដើម។

អត្ថប្រយោជន៍នៃទីតាំងតំបន់ច្បារអំពៅ

A map with the Chbar Ampov district highlighted in orange.

យោងតាមទីតាំងភូមិសាស្ដ្រ តំបន់ច្បារអំពៅស្ថិតនៅចន្លោះទន្លេមេគង្គនិងទន្លេបាសាក់ និងដែលស្ថិតនៅជ្រោយខាងជើងនៃកោះមួយដែលជាព្រំប្រទល់បែងចែកប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ដោយសារភាពអំណោយផលនៃទីតាំងភូមិសាស្ដ្រ ប្រជាជនដែលរស់នៅក្នុងតំបន់នេះអាចទទួលបានខ្យល់អាកាសបរិសុទ្ធពេញមួយឆ្នាំ។​ មិនត្រឹមតែប៉ុណ្ណោះ ប្រភេទដីនៅតំបន់ច្បារអំពៅមានជីវជាតិល្អសម្រាប់ដំណាំហូបផ្លែ ដែលជាអត្ថប្រយោជន៍មួយបន្ថែមទៀតសម្រាប់ប្រជាជនរស់នៅក្នុងតំបន់ជាច្រើនជំនាន់។

ដោយសារកត្តាភូមិសាស្រ្ដ ចរាចរណ៍ទៅកាន់តំបន់ច្បារអំពៅដែលត្រូវឆ្លងកាត់ទន្លេបាសាក់ មានភាពងាយស្រួល និងចំណាយពេលខ្លីជាងត្រើយដទៃទៀតនៅភាគខាងកើតនៃរាជធានី ហើយមិនត្រឹមតែប៉ុណ្ណោះក៏ចំណាយថវិកាតិចសម្រាប់ការសាងសង់ស្ពានផងដែរ។  

Archival image of the formerly “Gustave Eiffel Bridge”.
Source: Kasen Post, 2021
     

ស្ពានព្រះមុនីវង្សត្រូវបានសាងសង់ជាលើកដំបូងក្នុងឆ្នាំ​១៩២៨​ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស។ លុះមកដល់ឆ្នាំ១៩៦៤ ស្ពានព្រះមុន្នីវង្សដែលពីមុនមានឈ្មោះថា​ “Gustave Eiffel” ស្ថិតក្នុងសភាពទ្រុឌទ្រោមយ៉ាងខ្លាំងដែលតម្រូវឲ្យមានការជួសជុលឡើងវិញ។ ក្នុងឆ្នាំ១៩៦៦ ស្ពានព្រះមុនីវង្សបានបើកឲ្យប្រើប្រាស់ជាថ្មីម្ដងទៀត រហូតមកដល់សព្វថ្ងៃ។

ជាមួយនឹងភាពសម្បូរបែបនៃធម្មជាតិបៃតង និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដែលទទួលបានពីទីតាំងភូមិសាស្ដ្រ ច្បារអំពៅបានក្លាយជាតំបន់ដែលជាទីពេញចិត្តសម្រាប់ប្រជាជនដែលបម្លាស់ទីរស់នៅពីរាជធានីភ្នំពេញ។  

ច្បារអំពៅសព្វថ្ងៃ

ក្នុងរយៈពេលត្រឹមតែជាង ១០ឆ្នាំប៉ុណ្ណោះ ច្បារអំពៅបានក្លាយជាតំបន់ដែលមានការអភិវឌ្ឍន៍សំណង់អគារខ្ពស់ស្កឹមស្កៃ។

ដោយទទួលបានផលប្រយោជន៍ពីកត្ដាភូមិសាស្ដ្រ ច្បារអំពៅបានវិវត្តពីតំបន់ពោរពេញទៅដោយដំណាំកសិកម្មទៅជាតំបន់ដែលទទួលបានការពេញនិយម និងជាទីផ្សារសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងជីវភាពរស់នៅ។ យោងតាមទិន្នន័យជំរឿនប្រជាជនក្នុងឆ្នាំ២០១៩ ចំនួនប្រជាជនដែលរស់នៅក្នុងខណ្ឌច្បារអំពៅមានប្រហែល ១៦៤​,០០០នាក់ ដែលស្មើនឹង ៣០% នៃកំនើនប្រជាជនបើប្រៀបធៀបកាលពី ១០ឆ្នាំមុន។

គម្រោងបុរី​ និងសំណង់គេហដ្ឋានជាច្រើនកំពុងសាងសង់នៅភាគខាងលិច ក៏ប៉ុន្ដែគម្រោងអភិវឌ្ឍន៍អចលនទ្រព្យក្នុងតំបន់ច្បារអំពៅមានត្រឹមតែ ១០% ប៉ុណ្ណោះ។

Analytical infographics of housing population in Phnom Penh.
Source 1: City Population, 2022
Source 2: Khmer Times, 2018

ដើម្បីរួមបញ្ចូលតំបន់ច្បារអំពៅជាផ្នែកមួយនៃចំណូលថវិកាជាតិ ក៏ដូចជាទាក់ទាញអ្នកវិនិយោគមកក្នុងតំបន់ សាលារាជធានីភ្នំពេញបានរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ ៣ឆ្នាំសម្រាប់ខណ្ឌច្បារអំពៅ។ ក្នុងដំណើរការអភិវឌ្ឍន៍នេះ រដ្ឋាភិបាលបានចំណាយថវិកាចំនួន ១.២លានដុល្លាអាមេរិក ដើម្បីកសាងនិងតភា្ជប់បណ្ដាញផ្លូវសាធារណៈ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតដែលរួមមានសំណង់អគារ និងប្រព័ន្ធលូសាធាណរៈ។

Collage of news headlines about Chbar Ampov future developments.

យ៉ាងណាមិញ កិច្ចខិតខំប្រឹងប្រែងនេះមិនបានធ្វើឲ្យតំបន់ច្បារអំពៅមានលក្ខណៈខុសប្លែកទាំងស្រុងនោះទេ។ អំឡុងពេលដែលសង្កាត់ច្បារអំពៅទី១ ច្បារអំពៅទី២ និងនិរោធ មានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ សង្កាត់ក្បាលកោះ ព្រែកថ្មី និងព្រែកប្រាដែលស្ថិតនៅភាគខាងកើត និងអាគ្នេយ៍ នៅរក្សារចនាសម្ព័ន្ធបៃតងដដែល។ យើងអាចឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមដងទន្លេបាសាក់ ដែលប្រជាជនរស់នៅតំបន់នោះកំពុងបន្តធ្វើការងារកសិកម្មដែលបានបន្សល់ទុកជាច្រើនជំនាន់។

ការអភិវឌ្ឍន៍ក្នុងតំបន់ច្បារអំពៅ នាពេលបច្ចុប្បន្ន និងនៅថ្ងៃអនាគត

ជាមួយនឹងការរីកចម្រើន និងរីកដុះដាលនៃបុរីក្នុងតំបន់ គម្រោងធំៗមួយចំនួនត្រូវបានប្រកាសបើកសាងសង់ជាផ្លូវការក្នុងតំបន់ច្បារអំពៅនាប៉ុន្មានឆ្នាំខាងមុខនេះ។

គម្រោងអភិវឌ្ឍន៍ដូចជាទីក្រុងរណបកោះនរា (មានទំហំជាង ១២៥ហិកតា) និង One Phnom Penh (មានទំហំជាង ៦១ហិកតា) ត្រៀមនឹងសាងសង់លំនៅឋានសម្រាប់ប្រជាជនចំនួន ៥០,០០០គ្រួសារ ដែលគម្រោងនីមួយៗជាប្រភេទគម្រោងទីក្រុងរណបដែលរួមមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា សំណង់លំនៅឋាននិងអាជីវកម្ម សេវាកម្មផ្នែកហិរញ្ញវត្ថុ ផ្នែកអប់រំ ផ្នែកសុខាភិបាល ក៏ដូចជាទីតាំងសម្រាកកំសាន្ដផងដែរ។ ស្របពេលដែលរាជធានី និងទីប្រជុំជនទទួលបានការរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ គម្រោងទីក្រុងរណបទាំងពីរក៏មានបន្ថែមសេវាកម្មជាច្រើនទៀតដូចជាអគារការិយាល័យ សណ្ឋាគារ ភោជនីយដ្ឋាន និងហាងអាជីវកម្ម។

អ្វីដែលមិនគួរមើលរំលងនោះគឺ គម្រោងបុរីប៉េងហួតបឹងស្នោដែលជាគម្រោងធំជាងគេក្នុងចំណោមគម្រោងដទៃទៀតក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដែជាង ៣០០ហិកតា និងបន្ដពង្រីកទីតាំងរបស់ខ្លួននៅចន្លោះទន្លេបាសាក់ និងផ្លូវ ១១៤ (ផ្លូវក្រវ៉ាត់ក្រុងទី២)។ ចំណែកឯនៅភាគខាងកើតវិញ ជាគម្រោង Vattanacville ដែលជាគម្រោងទីក្រុងបៃតងលាតសន្ធឹងលើផ្ទៃដីប្រមាណជា ១០០០ហិកតា។

Source: Realestate.com.kh, 2022; Kulen Property Group
Source: Kohn Pedersen Fox Associates; Peng Huoth

ច្បារអំពៅដែលជាតំបន់កំពុងអភិវឌ្ឍន៍ ទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងអ្នកវិនិយោគឯកជនជាច្រើន ជាពិសេសទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ក្រៅពីផ្លូវជាតិលេខ១ និងស្ពានព្រះមុនីវង្សទាំងពីរខ្សែ ផ្លូវគមនាគមន៍ជាច្រើនខ្សែត្រូវបានសាងសង់ និងខ្លះទៀតស្ថិតក្នុងដំណើរការសាងសង់។

អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ ការសាងសង់ស្ពានដែលតភ្ជាប់ទីក្រុងរណបកោះពេជ្រទៅនឹងកោះនរាដែលធ្វើឲ្យតំបន់ច្បារអំពៅស្ថិតនៅកាន់តែជិតទៅនឹងទីក្រុង ស្ពានព្រែកតាឡុង ក៏ដូចជាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដែលតភ្ជាប់ផ្លូវជាតិលេខ១ ទៅអរិយក្ស័ត្រផងដែរ។

តាមគម្រោងផែនការទាំងនេះ បានធ្វើឲ្យជ្រោយខាងជើងឆៀងកើតនៃតំបន់ច្បារអំពៅទទួលបានការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរ។​ ភាពសម្បូរបែបនៃហេដ្ឋារចនាសម្ព័ន្ធបានធ្វើឲ្យចរាចរណ៍ក្នុងតំបន់ទៅកាន់ផ្នែកខាងត្បូងនៃរាជធានីភ្នំពេញ ក៏ដូចជាមហាវិថីសម្ដេចតេជោហ៊ុនសែន(ផ្លូវ ៦០ម៉ែត្រ) មានលក្ខណៈកាន់តែងាយស្រួល។

ខណ្ឌច្បារអំពៅបានក្លាយជាតំបន់ដែលមានសក្ដានុពលផ្នែកធម្មជាតិបៃតង ក៏ដូចជាការរស់នៅ និងការធ្វើអាជីវកម្មក្នុងរាជធានីភ្នំពេញផងដែរ។ ដូច្នេះអ្នកវិនិយោគគ្រប់រូបគួរតែរួមគ្នាថែរក្សា និងឲ្យតម្លៃធម្មជាតិក្នុងតំបន់ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សហគមន៍ទាំងមូល។