អត្ថបទសំខាន់

ចំណុចសំខាន់ៗនៃការសាងសង់

ព័ត៌មានលម្អិត និងលក្ខណៈពិសេសនៃសំណង់គេហដ្ឋានខាមប៊ូចាយ៉ា។

Black and white image with concrete slabs and beams together with skylight glass highlighted in orange.

ការយកចិត្តទុកដាក់លើចំណុចលម្អិតគឺជាមូលដ្ឋានគ្រឹះដែលខាមប៊ូចាយ៉ាមានទំនុកចិត្ត។

យើងជឿជាក់ថា ការពិចារណាលើរាល់ចំណុចលម្អិតទាំងអស់ ដែលបុគ្គលភាគច្រើនតែងមើលរំលងនោះ មានឥទ្ធិពលលើគុណភាព និងជីវភាពរស់នៅក្នុងគេហដ្ឋាន។

សម្រាប់គេហដ្ឋានខាមប៊ូចាយ៉ា យើងមានបំណងសាងសង់លំនៅឋានដែលមានគុណភាពខ្ពស់។ ទោះបីជាសកម្មភាពទាំងនោះមិនបានឃើញផ្ទាល់នឹងភ្នែកក៏ដោយ ខាងក្រោមនេះជាវិធីសាស្ដ្រដែលក្រុមការងាររបស់យើងបានអនុវត្តដើម្បីទទួលបានសំណង់គេហដ្ឋានដែលមានភាពសោភ័ណភាព និងមានគុណភាពខ្ពស់។

ចំណុចសំខាន់ៗ

សំណាញ់លួសលើចំណុចប្រសព្វនៃឥដ្ឋ និងគ្រឿងបង្គុំបេតុង

ការដាក់សំណាញ់លួសនៅចន្លោះជញ្ជាំងឥដ្ឋ និងសសរឬធ្នឹមបេតុង ដើម្បីកាត់បន្ថយការប្រេះស្រាំនៃជញ្ជាំង ដោយសារបម្រែបម្រួលនៃកម្ដៅ និងសំណើមជាដើម។

ជ័រចាក់កែង

មានដាក់នៅតាមជ្រុងទ្វារ និងបង្អួច ដើម្បីការពារការបែកបាក់នៃជ្រុងឬគែមជញ្ជាំង។

ឡាំងតូធ្វើពីដុំឥដ្ឋ

មាននាទីជាទំនប់លំនឹងបន្ថែមសម្រាប់ជញ្ជាំងឥដ្ឋប្រហោង។ ជញ្ជាំងទាំងមូលមានតម្រៀបឥដ្ឋតាន់ និងមានចន្លោះ ១ម៉ែត្រពីគ្នា ដើម្បីធានាពីភាពរឹងមាំ។

ឡាំងតូឈរ និងឡាំងតូដេក

ជាទូទៅ តាមក្លោងទ្វារមានប្រើឡាំងតូផ្ដេកមួយដើម្បីជួយទប់នឹងទង្ងន់ឥដ្ឋខាងលើ។ ដើម្បីបន្ថែមភាពរឹងមាំ និងកាត់បន្ថយស្នាមប្រេះ យើងបានបន្ថែមឡាំងតូឈរមួយគូរឱបសងខាងគ្រោងទ្វារនិងបង្អួចនីមួយៗ។

ការរចនាជញ្ជាំងរៀបស្មើ

ការរចនារបស់យើងបានផ្ដល់ភាពងាយស្រួល និងរក្សារចនាបថផ្នែកខាងក្នុងគេហដ្ឋាន ដោយយើងបានបង្កប់ប្រព័ន្ធខ្សែកាប​ ខ្សែភ្លើង និងទុយោទឹកក្នុងពិដានឬជញ្ជាំង។ ចំណែកឯការ៉ូជើងជញ្ជាំងវិញក៏ត្រូវបានរចនាឡើងដើម្បីបន្ថែមសោភ័ណភាពដល់ជញ្ជាំងដែលមានផ្ទៃរាបស្មើនេះផងដែរ។

ការលើកកម្ពស់ជីវភាពរស់នៅ

ចាប់តាំងពីដំបូងមកយើងតែងតែផ្ដោតសំខាន់ទៅលើការលើកកម្ពស់ជីវភាពរស់នៅ ដោយរួមបញ្ចូលធនធានធម្មជាតិដែលមានស្រាប់នៅក្នុងមជ្ឍដ្នានជុំវិញ។ ហេតុនេះហើយទើបគេហដ្ឋានខាមប៊ូចាយ៉ាត្រូវបានរចនាឡើងជាមួយនឹងវិធីសាស្ដ្រ ដែលមានការប្រើប្រាស់ និងរួមបញ្ចូលបរិស្ថានធម្មជាតិក្នុងប្រទេសកម្ពុជា។ គេហដ្ឋាននីមួយៗ ត្រូវបានរចនាដោយមានលំហធំទូលាយ ដែលអនុញ្ញាតឲ្យមានពន្លឺព្រះអាទិត្យ និងខ្យល់ចេញចូលគ្រប់គ្រាន់នៅគ្រប់ជ្រុងជ្រោយ។ សម្ភារៈសាងសង់ដូចជាឥដ្ឋកញ្ចក់ ត្រូវបានប្រើប្រាស់ដើម្បីផ្ដល់ពន្លឺគ្រប់គ្រាន់ ស្របពេលដែលរក្សាភាពជាឯកជនសម្រាប់សមាជិកក្នុងគ្រួសារ។

គេហដ្ឋានខាមប៊ូចាយ៉ាមានទម្រង់រូបរាងដូចនឹងសំណង់ផ្ទះល្វែងក៏ពិតមែន ប៉ុន្ដែមានការរចនាដែលធ្វើឲ្យគេហដ្ឋានរបស់យើងមានលក្ខណៈប្លែកពីផ្ទះល្វែងធម្មតា ។ ដោយសារតែទទឹងនៃគេហដ្ឋាននីមួយៗ ដែលមានប្រវែងវែង(ប្រភេទ L មានទទឹង ៦ម និងប្រភេទ M មានទទឹង ៥ម) ក្រុមការងារវិស្វកររបស់យើងបានប្រើសសរ (ទំហំ ៤០០x២០០ មម – ៣០០x២០០ មម) និងធ្នឹម (ទំហំ ៤០០x២០០ មម - ៣៥០x២០០ មម) ដែលមានទំហំធំជាងផ្ទះធម្មតា ដើម្បីទ្រនឹងទម្ងន់ប្លង់សេ (មានកម្រាស់ដល់ទៅ ១៣០ មម) នៃគេហដ្ឋានដែលមានកម្ពស់ ៣ជាន់។ ម៉្យាងទៀត ដើម្បីរក្សាសោភ័ណភាពនៃការរចនាផ្នែកខាងក្នុង សសរផ្ទះត្រូវបានបណ្ដុះឡើងដោយមានផ្ទៃរាបស្មើនឹងសាច់ជញ្ជាំង។

គ្រឿងបរិក្ខារដែលរួមបញ្ចូល

ការផ្លាស់ប្ដូរលំនៅឋានអាចជាបទពិសោធន៍មួយដ៏គួរឲ្យស្មុគស្មាញ។ ដូច្នេះហើយ យើងបានធ្វើការរៀបចំទុកជាមុន ដើម្បីធានាថាការផ្លាស់ប្ដូរលំនៅមកកាន់គេហដ្ឋានខាមប៊ូចាយ៉ាមិនមានភាពតាងតឹង និងស្មុគស្មាញ។

ជាក់ស្ដែង ចង្ក្រានបាយរបស់យើងត្រូវបានបំពាក់ដោយសម្ភារៈផ្ទះបាយទាន់សម័យ មានគុណភាពខ្ពស់ និងរួមមានសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀតដូចជា ឡាបូលាងចាន ចង្ក្រានហ្គាស ម៉ាស៊ីនស្រូបផ្សែង និងម៉ាស៊ីនទឹកក្ដៅ។ ការបំពាក់សម្ភារៈទាំងនេះមិនត្រឹមតែផ្ដល់ភាពងាយស្រួលដល់សកម្មភាពប្រចាំថ្ងៃដូចជាការចម្អិនអាហារតែប៉ុណ្ណោះទេ ថែមទាំងងាយស្រួលដល់ការប្រើប្រាស់ទឹកក្តៅជាប្រចាំទៀតផង។

ក្នុងវិធីសាស្ដ្ររៀបចំនេះ យើងក៏បានភ្ជាប់បណ្ដាញអគ្គិសនី និងទុយោទឹកជាស្រេចដែលត្រូវបានដាក់បង្កប់ក្នុងជញ្ជាំង។ បណ្ដាញទាំងនោះរួមមាន ខ្សែស្ពាន់ម៉ាស៊ីនត្រជាក់ ខ្សែកាបអ៊ុបទិក ដែលផ្ដល់ភាពងាយស្រួលសម្រាប់ការតភ្ជាប់ជាមួយនឹងក្រុមហ៊ុនអ៊ីនធឺណែតដែលអ្នកពេញចិត្ត។ ជាធម្មតាបណ្ដាញអគ្គិសនីត្រូវបានតភ្ជាប់នៅពេលការសាងសង់គេហដ្ឋានត្រូវបានបញ្ចប់ ដែលជាកត្តាធ្វើឲ្យបាត់បង់សោភ័ណភាពនៃការរចនាផ្នែកខាងក្នុងផ្ទះរបស់យើងដែលមានការរៀបចំបែបលាតស្អាត និងសាមញ្ញ។

គេហដ្ឋានរបស់យើងមានការរចនាដែលមានសោភ័ណភាព និងដោយរួមបញ្ចូលភាពជាក់ស្ដែងនៃការប្រើប្រាស់។ ជាឧទាហរណ៍ យើងមានជញ្ជាំងនៅសំយាបខាងមុខគេហដ្ឋាននីមួយៗដែលជួយបិទបាំងកន្ទុយម៉ាស៊ីនត្រជាក់ និងជាទីតាំងសម្រាប់ភា្ជប់ទុយោទឹកដែលផ្ដល់ភាពងាយស្រួលដល់ការស្រោចស្រពរុក្ខជាតិ។

សួនច្បារខាងក្រោយនៃគេហដ្ឋាននីមួយៗ ផ្ដល់ជាទីតាំងសម្រាប់ដាក់ម៉ាស៊ីនបោកសម្លៀកបំពាក់ និងចង្ក្រានបាយក្រៅផ្ទះ។ ទីធ្លាខាងក្រោយមិនត្រឹមតែផ្ដល់ជាជម្រកការពារពន្លឺព្រះអាទិត្យប៉ុណ្ណោះទេ ថែមទាំងជាទីតាំងដ៏សមប្រកបសម្រាប់សកម្មភាពគ្រួសារផ្សេងៗដូចជា ការអាំងសាច់នៅក្រោមម្លប់ដើមស្វាយជាដើម៕