ចាប់តាំងពីដំបូងមក យើងផ្ដើមជាមួយនឹងចក្ខុវិស័យ ដើម្បីអនុវត្តវិធីសាស្រ្តអភិវឌ្ឍន៍អចលនទ្រព្យមួយប្លែកមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងណែនាំទីធ្លារស់នៅមានការរចនាប្លែក និងមានការគិតគូរយ៉ាងល្អិតល្អន់ ដើម្បីផ្ដល់ជាគំរូ ក៏ដូចជាការបណ្ដុះគំនិតដល់ស្ថាបត្យករ និងវិស្វករខ្មែរជំនាន់ក្រោយ។ យើងក៏ចង់បង្ហាញថា យើងអាចរួមបញ្ចូលវិធីសាស្រ្ដនៃការផ្សព្វផ្សាយដែលមានលក្ខណៈប្លែកពិសេស មានភាពច្នៃប្រតិដ្ឋ និងផ្ដល់ការអប់រំក្នុងផ្នែកទីផ្សារផងដែរ។ យើងមិនចង់គ្រាន់តែនិយាយនឹងមាត់ថាយើងស្រឡាញ់ធម្មជាតិបៃតងប៉ុណ្ណោះទេ តែនឹងបង្ហាញឲ្យឃើញតាមរយៈសកម្មភាពរបស់យើងដោយផ្ទាល់។
ជាទូទៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ពុំសូវគិតទៅដល់ពាក្យមួយចំនួនដូចជា ការចែករំលែកចំណេះដឹង គំនិតវិភាគ ការសិក្សាលម្អិត និងការផ្ដល់ព័ត៌មានច្បាស់លាស់អំពីសំណង់នោះទេ។ ដោយឡែក ខាមប៊ូចាយ៉ា មិនគ្រាន់តែជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទូទៅនោះទេ ដោយយើងមានគោលការណ៍ប្លែកពីនេះ។ យើងចង់សាងសង់លំនៅឋានដែលផ្ដល់ភាពកក់ក្តៅ ដែលមិនត្រឹមតែជាផ្ទះសាមញ្ញនោះទេ។ យើងផ្តល់តម្លៃទៅលើគុណភាពជាជាងបរិមាណ។ យើងផ្តល់ជូននូវការរចនាដែលមានអត្ថន័យ និងភាពខុសប្លែកពីគម្រោងដទៃនៅក្នុងទីផ្សារ។ ទាំងនេះសុទ្ធសឹងជាគោលបំណងដើម្បីនាំមកនូវវិធីសាស្រ្តបែបថ្មីមួយ ព្រមទាំងផលវិជ្ជមានដែលផ្ដល់ជាការបណ្ដុះគំនិតសម្រាប់ទីផ្សារអចលនទ្រព្យ ដែលបានណែនាំតម្រង់ទិសដៅដល់យើងក្នុងនាមជាក្រុមហ៊ុនទើបនឹងចាប់ផ្ដើមស្ថាបនា។
ប្រទេសកម្ពុជា កំពុងតែឆ្លងកាត់សម័យកាលមួយដែលរំភើបគួរឲ្យចាប់អារម្មណ៍។ អតិថិជនគ្រប់វ័យគ្រប់ជំនាន់កំពុងទាមទារកាន់តែច្រើនពីភ្នាក់ងារអភិវឌ្ឍន៍អចលនទ្រព្យដូចពួកយើង។ ខ្ញុំបាទពិតជាចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នានូវរឿងរ៉ាវជាច្រើនរាប់មិនអស់ពីមនុស្សដែលខ្ញុំបានជួបកន្លងមក ដែលពួកគាត់បានផ្តល់ពាក្យលើកទឹកចិត្ត និងការគាំទ្រដល់រូបខ្ញុំ ហើយធ្វើឲ្យខ្ញុំដឹងថាពួកយើងកំពុងធ្វើអ្វីមួយដែលសក្ដិសម និងត្រឹមត្រូវ។ សម្រាប់ខ្ញុំ ពាក្យទាំងនោះគឺជាការលើកទឹកចិត្តដែលជម្រុញឲ្យខ្ញុំរឹតតែខិតខំបន្តការងារនេះបានកាន់តែរលូន និងល្អប្រសើរជាមុន។
បើនិយាយពីសមិទ្ធិផលវិញ ខ្ញុំបាទមានមោទនភាពក្រៃលែង ដែលបានឃើញនូវផ្លែផ្កាពីការខិតខំប្រឹងប្រែងរបស់ពួកយើងទាំងអស់គ្នា។ ពីការចាប់ផ្តើមជាមួយនឹងទីតាំងដីទំនេរក្នុងខែមករា បន្ទាប់មកធ្វើការងារដោយមិនចេះនឿយណាយរហូតដល់ការបើកដំណើរការផ្ទះគំរូប៉ុន្មានខែមុននេះ។ មកទល់ពេលនេះ យើងបានលក់ចេញគេហដ្ឋានដំណាក់កាលទី១ ហើយក៏បានបញ្ចប់ការសាងសង់បាន ៦០% នៃគម្រោងរបស់យើងផងដែរ។ ហើយចំពោះគម្រោងសាងសង់ទាំងមូលនឹងត្រូវបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២២។
ជាចុងបញ្ចប់ខ្ញុំបាទសូមថ្លែងអំណរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានជួយគាំទ្ររូបខ្ញុំ និងក្រុមការងារដើម្បីឈានមកដល់ចំណុចនេះ ដូចជាអតិថិជនដែលបានទិញផ្ទះរបស់យើង ភ្នាក់ងារដែលបានចូលរួមសហការ ដៃគូហាងកាហ្វេ ក៏ដូចជាអ្នកគាំទ្រក្នុងបណ្ដាញសង្គមទាំងអស់។ ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលមានក្រុមការងារវ័យក្មេង មានសមត្ថភាព មានទេពកោសល្យខ្ពស់ ឧស្សាហ៍ព្យាយាម និងមានគោលគំនិតរួមគ្នាដើម្បីផ្តល់នូវគុណភាពក៏ដូចជាគុណតម្លៃកាន់តែល្អប្រសើរសម្រាប់ទីផ្សារ និងសង្គម។ បើគ្មានពួកគាត់ទេ ខាមប៊ូចាយ៉ាក៏ពុំអាចទទួលបានសមិទ្ធិផលដូចសព្វថ្ងៃឡើយ។
ខាមប៊ូចាយ៉ារីករាយ និងទន្ទឹងរង់ចាំក្នុងការចែករំលែកនូវសមិទ្ធិផល ព្រមទាំងភាពជោគជ័យថ្មីៗបន្ដទៀតជាមួយអ្នកទាំងអស់គ្នាក្នុងឆ្នាំ២០២២នេះ។ យើងសង្ឃឹមថានឹងមានការរីកចម្រើន ការទទួលចំណេះដឹង និងការសាងសង់ថ្មីៗជាច្រើនទៀតនាឆ្នាំក្រោយ!
លោក ថូនី សុជាតិ (Tony Socheat)
ស្ថាបនិក និងនាយកគ្រប់គ្រងនៃខាមប៊ូចាយ៉ា