Series:

០០៣. ដំបូល

SERIES ទី៣ ផ្តោតលើដំបូល ដែលជាផ្នែកដ៏សំខាន់បំផុសនៃគេហដ្ឋាន។ យើងនឹងវិភាគបន្ថែមពីការវិវត្តរ៍នៃការរចនាដំបូល និងមុខងារក្នុងបរិបទនៃប្រទេសកម្ពុជា។

Landscape image of a traditional Khmer roof.

ជាទូទៅ ដំបូលផ្ដល់ជាជំរកពីបាតុភូតអាកាសធាតុផ្សេងៗដូចជា ទឹកភ្លៀង ពន្លឺព្រះអាទិត្យ និងខ្យល់បក់ខ្លាំង។ ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែងពីអាកាសធាតុដែលមានលក្ខណៈខុសៗគ្នាពីចំណុចភូមិសាស្រ្ដមួយទៅចំណុចភូមិសាស្រ្ដមួយទៀតនៅលើពិភពលោក អារ្យធម៌ផ្សេងៗគ្នាបានបង្កើតនូវការរចនាម៉ូដដំបូលប្លែកៗគ្នាជាច្រើនបែប ដែលការរចនានីមួយៗមានលក្ខណៈសមស្របទៅនឹងអាកាសធាតុរបស់ពួកគេ។ ដោយកត្តាភ្លៀងធ្លាក់ខ្លាំងជាពិសេសក្នុងតំបន់ត្រូពិច ជាទូទៅដំបូលត្រូវបានសង់ដោយមានជម្រាលចោត ដែលអាចបង្ហូរទឹកពីដំបូលបានលឿន។  ដំបូលខ្មែរក៏មានភាពស្រដៀងទៅនឹងដំបូលក្នុងបណ្ដាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែរ​ ប៉ុន្ដែមានចំណុចមួយចំនួនជាពិសេសការរចនាដែលធ្វើឲ្យដំបូលខ្មែរមានលក្ខណៈខុសប្លែកដំបូលផ្សេងៗ។ ដោយឡែកនៅក្នុងប៉ុន្មានទសវត្សរ៍ក្រោយនេះ ដោយមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា សកលរូបនីយកម្មបានដើរតួនាទីយ៉ាងសកម្មក្នុងការវិវត្តន៍នៃការប្រើប្រាស់ដំបូលជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះការអភិវឌ្ឍន៍នេះ ក៏ផ្ដល់ជាដំណោះស្រាយជាច្រើនផងដែរ។ ក្នុង SERIES យើងនឹងធ្វើការវិភាគបន្ថែមពីការវិវត្តន៍នៃការរចនា និងមុខងារដំបូលក្នុងបរិបទប្រទេសកម្ពុជា។

ពាក្យគន្លឹះ និងនិយមន័យនៃគ្រឿងលម្អដំបូលប្រពៃណីខ្មែរ

Closeup image of Prom.

ព្រំ

ជាគ្រឿងបង្គុំដំបូលអគារប្រើសម្រាប់ផ្ចិតចុងក្បឿង ឬប្រទល់ក្បាលកណ្ដបក្បឿង។ ព្រំពីដើម គេច្រើនប្រក់ជាបាយអដែលផ្សំឡើងពីកំបោរខ្សាច់ ស្ករ​ និងទឹកជាដើម។

កំពូលមែត្រ

គ្រឿងលម្អដំបូលមួយប្រភេទដែលមានទម្រង់ស្រួច និងជាកំពូលនៃដំបូល។ គេតែងលម្អវានៅលើព្រំ ចំពីលើចុងទាំងពីរនៃមេដំបូល។ វាច្រើនមានទម្រង់ដូចផ្កាឈូកក្រពុំត្រួតពីលើគ្នាដែលបង្កើតបានជារាងកោណស្រួចមួយ។

Closeup image of Kompul Metre.
Closeup image of Kveay.

ឃ្វាយ

គ្រឿងលម្អមួយប្រភេទដែលស្ថិតនៅចុងព្រំដំបូល។ ដោយភាពច្នៃប្រឌិតរបស់អ្នកស្រុក គេអាចរកឃើញទម្រង់ឃ្វាយជាច្រើនបែប។ ទម្រង់ដែលពេញនិយមប្រើជាងគេសម្រាប់សំណង់គេហដ្ឋាននោះគឺទម្រង់កន្ទុយមាន់ ដែលអ្នកស្រុកមានជំនឿថា ដំណាងឱ្យសំណាងល្អ។

ដៃស្នា

មាននាទីជាគ្រឿងលម្អផង និងជាគ្រឿងបង្គុំសំណង់ផង។ វាជួយទប់បន្ទុកឈរត្រង់ និងបន្ទុកទ្រេតនៃចុងដំបូល ហាក់បីដូចជាជន្ទល់មួយអញ្ចឹង។ ជាទូទៅ គេសង់វាពីឈើបីកំណាត់ផ្គុំចូលគ្នាបង្កើតបានជារាងចតុកោណកែង។

Closeup image of Dai Sna.
Closeup image of Rong Sbov.

រងស្បូវ

ជាបន្ទះឈើដែលគេដាក់នៅចំពីក្រោមចុងដំបូលដើម្បីបិទបាំងគ្រឿងបង្គុំផ្សេងៗទៀតដូចជាផ្ទោង និងផ្លាន ជួយការពារគ្រឿងសំខាន់ទាំងនោះកុំឱ្យរងខាចខាតពីទឹកភ្លៀង។ ដើម្បីលម្អវា អ្នកស្រុកនិយមឆ្លាក់ ឬផាត់ទម្រង់ក្បាច់ទៅលើបន្ទះឈើ ប៉ុន្តែចំពោះអ្នកខ្លះវិញ គេនិយមទុកវាលាតទទេវិញ។

ហោជាង

គឺជាផ្ទៃរាងត្រីកោណសមបាតដែលបង្កើតបាននៅចុងដំបូលខ្មែរ និងដំបូលរោង។ ជាទូទៅ គេតែងច្រើនលម្អនូវក្បូរក្បាច់រចនាទាំងឡាយនៅលើផ្ទៃរបស់ហោជាងនេះឯង ជាពីសេសនៅតាមសំណង់សក្ការៈ។ ប៉ុន្តែសម្រាប់ហោជាងនៅលើសំណង់លំនៅស្ថានវិញ ការតុបតែងនេះគឺពុំសូវមានភាពស្មុគស្មុគស្មាញដូចនៅតាមសំណង់សក្ការៈនោះទេ ដោយពេលខ្លះវិញ គេទុកវាឱ្យលាតទទេទៀតផង។

Closeup image of Hor Jeang.

ប្រភេទដំបូលផ្ទះប្រពៃណីខ្មែរ

ដំបូលគឺជាផ្នែកមួយដ៏សំខាន់នៃស្ថាបត្យកម្មប្រពៃណីខ្មែរ ជាពិសេសសម្រាប់គេហដ្ឋានធ្វើពីឈើ។ ជាការពិតណាស់ការសាងសង់ដំបូលជាចំណុចដែលបែងចែកប្រភេទផ្ទះ។ ផ្ទះបុរាណខ្មែរជាទូទៅត្រូវបានគេស្គាល់ ៥ប្រភេទ ដោយផ្អែកលើប្រភេទដំបូលនៃផ្ទះនីមួយៗ។ តាមរយៈការសិក្សាស្រាវជ្រាវបន្ថែម មានដំបូលមួយប្រភេទទៀតដែលមិនបានរាប់បញ្ចូលជាផ្លូវការ និងមានការប្រើប្រាស់សម្រាប់ស្ថាបត្យកម្មក្នុងតំបន់។ ដំបូលផ្ទះខ្មែរមាន ៦ប្រភេទ រួមមានដំបូលខ្មែរ ដំបូលរោង ដំបូលកឹង​ ដំបូលរោងដោល ដំបូលរោងឌឿង និងដំបូលប៉ិត។ មិនតែប៉ុណ្ណោះ ប្រភេទផ្ទះប្រពៃណីខ្មែរនីមួយៗត្រូវបានគេហៅតាមប្រភេទដំបូលដែលគេបានសង់។ ឧទាហរណ៍ បើផ្ទះមានដំបូលប៉ិត នោះគេហៅផ្ទះនោះការផ្ទះប៉ិត។ សម្រាប់ប្រជាជនកម្ពុជា ការជ្រើសរើសប្រភេទដំបូល និងប្រភេទផ្ទះគឺផ្អែកលើប្រជាប្រិយភាពនៃប្រភេទដំបូលនៅក្នុងតំបន់​ ក៏ដូចជាការវណ្ណៈសង្គមផងដែរ។

Illustration of a traditional Khmer roof.

ដំបូលខ្មែរ

ដំបូលខ្មែរគឺជាប្រភេទដំបូលមួយក្នុងចំណោមប្រភេទដំបូលប្រពៃណីពីរដែលមានទម្រង់បែបដំបូល “gable” នៃស្ថាបត្យកម្មលោកខាងលិច។ លក្ខណៈពិសេសរបស់ប្រភេទដំបូលនេះគឺ ផ្គុំឡើងដោយផ្ទៃជម្រាលចោតពីរ ដែលជួយជះទឹកភ្លៀងឲ្យសាចចេញ ជៀសវាងនូវការខូចខាតផ្សេងៗ។ ដោយសារតែតម្លៃខ្ពស់ ប្រភេទដំបូលខ្មែរត្រូវបានឃើញសាងសង់តិចតួចបំផុត និងភាគច្រើនសាងសង់សម្រាប់សំណង់ក្នុងរាជវាំង, លំនៅដ្ឋានអភិជន និងទីវត្តអារាមតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ដោយសារជម្រាលដ៏ចោតរបស់ប្រភេទដំបូលនេះ ការសាងសង់ទៀមទារឲ្យមានប្រើប្រាស់សម្ភារៈផ្គុំច្រើន ដូចជាឈើប្រវែងវែង និងបន្ទះក្បឿងជាច្រើន។

ដំបូលរោង

ដំបូលប្រភេទនេះមានទម្រង់ស្រដៀងទៅនឹងប្រភេទដំបូលខ្មែរដែរ ដោយគ្រាន់តែមានជម្រាលទេរជាងដំបូលផ្ទះខ្មែរប៉ុណ្នោះ។ យើងអាចសន្និដ្ឋានថា ដំបូលរោងមានដើមកំណើតចាប់តាំងពីសម័យចក្រភពអង្គរមកម្ល៉េះ ដោយប្រភេទដំបូលនេះត្រូវបានឃើញឆ្លាក់ក្នុងទិដ្ឋភាពជាច្រើនលើផ្ទាំងប្រាសាទនានា ជាពិសេសនៅប្រាសាទបាយ័ន។ ក្នុងចំណោមប្រភេទដំបូលទាំងអស់ ដំបូលរោងមានលក្ខណៈងាយស្រួលជាងគេក្នុងការសាងសង់ ហើយពុំសូវចាំបាច់ត្រូវការចំណាយច្រើនទៅលើសម្ភារៈសំណង់ក៏ដូចជាថ្លៃពលកម្មនោះឡើយ។

Illustration of a traditional Rong roof.
Illustration of a traditional Kerng roof.

ដំបូលកឹង

គឺជាប្រភេទដំបូលតែមួយគត់ដែលមានទម្រង់ពីរថ្នាក់។ ថ្នាក់លើរបស់វាមានទម្រង់ជាដំបូលខ្មែរ ឬដំបូលរោង ឯថ្នាក់ខាងក្រោមវិញមានទម្រង់ជាដំបូលប៉ិតដាច់មួយកំណាត់។ ថ្នាក់ទាំងពីរមានជម្រាលខុសពីគ្នា ដោយជម្រាលថ្នាក់ខាងលើមានលក្ខណៈចោតជាងថ្នាក់ខាងក្រោម។ ដំបូលប្រភេទនេះពិតជាមានតម្លៃថ្លៃក្នុងការសាងសង់ ហើយតម្រូវឲ្យជាងសាងសង់មានជំនាញច្បាស់លាស់ទៀតផង។ ហេតុដូច្នេះទើបដំបូលប្រភេទនេះនិយមសាងសង់សម្រាប់គេហដ្ឋានអ្នកដែលមានទ្រព្យសម្បត្តិច្រើន និងមានឋានៈខ្ពស់ក្នុងរាជកាល ក៏ដូចជាកុដិព្រះសង្ឃ។

ដំបូលរោងដោល

ដំបូលរោងដោលគឺជាប្រភេទដំបូលមួយក្នុងចំណោមប្រភេទដំបូលទាំងពីរ ដែលមានការវិវត្តន៍ទម្រង់ចេញពីប្រភេទដំបូលរោង។ នៅចន្លោះយុគសម័យកាលកណ្តាល (ក្រោយសម័យអង្គរ) ប្រជាជនខ្មែរចាប់ផ្តើមបន្ថែមរានហាលអង្គុយលេងពីខាងមុខផ្ទះរោងរបស់ពួកគេ។ ក្រោយមក រានហាលខាងមុខផ្ទះ រួមជាមួយដំបូលយ៉ាបរបស់វាបានក្លាយទៅជាផ្នែកមួយនៃផ្ទះទាំងមូល។ ការបូកបញ្ចូលផ្នែកថ្មីនៃដំបូលរោងនេះបានបង្កើតនូវទម្រង់ដំបូលថ្មីមួយប្រភេទទៀតដែលអ្នកស្រុកនិយមហៅថា “ដំបូលរោងដោល” ហើយមានការពេញនិយមសង់ក្នុងចំណោមប្រជាជនគ្រប់វណ្ណៈ។

Illustration of a traditional Rong Daol roof.
Illustration of a traditional Rong Doeung roof.

ដំបូលរោងឌឿង

ដំបូលរោងឌឿងគឺជាប្រភេទដំបូលមួយផ្សេងទៀតនៃដំបូលរោង ដែលមានការវិវត្តន៍ចេញពីដំបូលរោងដោល។ ជាមួយនឹងការចាប់ផ្ដើមបង្កើតនិងប្រើប្រាស់ត្បាល់បុកស្រូវ ដែលមានឈ្មោះថា ត្បាល់ក្ដឿន អ្នកស្រុកបានចាប់ផ្តើមបន្តកន្ទុយផ្ទះរោងដោលរបស់ពួកគេ សម្រាប់ធ្វើជាឃ្លាំងដាក់ត្បាល់ក្តឿង និងមានប្រក់ដំបូលយ៉ាបនៅពីលើ។ បន្ទាប់មក រោងខាងក្រោយនោះបានក្លាយជាផ្នែកមួយនៃផ្ទះធំ ហើយការរួមបញ្ចូលយ៉ាបខាងក្រោយនេះជួយធ្វើឲ្យដំបូលរោងដោលមានភាពស៊ីមេទ្រីនៅពេលមើលពីចំហៀង។ ឈ្មោះ “រោងឌឿង” នេះគឺជាឈ្មោះកម្លាយចេញពីឈ្មោះ “ផ្ទះរោងដាក់ក្តឿង”។

ដំបូលប៉ិត

ដំបូលប៉ិតខ្មែរមានលក្ខណៈ និងទម្រង់ដូចទៅនឹងដំបូល “hip roof” នៃស្ថាបត្យកម្មលោកខាងលិច។ អ្វីដែលធ្វើឱ្យប្រភេទដំបូលនេះប្លែកដាច់ពីដំបូលខ្មែរដទៃទៀតគឺកង្វះនៃហោជាង។ ជម្រាលរាងទាល និងផ្ទៃប្រក់សរុបតូចល្មមរបស់វាធ្វើឲ្យមានភាពងាយស្រួលក្នុងការសាងសង់ ហើយក្នុងតម្លៃសមរម្យទៀតផង។ នេះជាកត្តាចម្បងជួយជម្រុញដល់ប្រជាប្រិយភាពក្នុងការសាងសង់ដំបូលប្រភេទនេះ ចាប់តាំងពីរជ្ជកាលព្រះបាទស៊ីសុវត្ថិនៅដើមសតវត្សទី២០ រហូតមកដល់សព្វថ្ងៃ។ ពីមុន គេច្រើនតែសង់ប្រភេទដំបូលប៉ិតនេះពីលើសាលាសំណាក់ដែលមាននៅតាមដងផ្លូវសម្រាប់អ្នកធ្វើដំណើរឆ្ងាយតែប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ មុនីវង្ស អ្នកស្រុកបានចាប់ផ្តើមយកទម្រង់ដំបូលនេះទៅប្រើសម្រាប់គេហដ្ឋានរបស់ពួកគេ ហើយនៅក្នុងរជ្ជកាលព្រះបាទនរោត្តម សីហនុវិញ ប្រភេទដំបូលប៉ិតនេះត្រូវបានសាងសង់សម្រាប់សំណង់ជាច្រើន។

Illustration of a traditional Pet roof.

ប្រភេទផ្ទះកន្ដាំង

ពីមួយសតវត្សទៅមួយសតវត្ស ពុំមានអ្នកដែលយល់ច្បាស់ពីដើមកំណើតនៃឈ្មោះ “ផ្ទះកន្តាំង” រួមជាមួយនឹងទំនាក់ទំនងរវាងវានឹងប្រភេទផ្ទះរោងនោះឡើយ។ ដូចដែលបានបកស្រាយពីមុន ប្រភេទផ្ទះរោងគឺជាប្រភេទផ្ទះដែលងាយក្នុងការសាងសង់ជាងគេ ដោយសារតែទម្រង់ដ៏សាមញ្ញរបស់វា។ គោលគំនិតមួយនេះបាននាំឱ្យប្រជាជនខ្មែរចាប់ផ្តើមបន្ទាបតំលៃផ្ទះរោង ហើយចាត់ទុកប្រភេទផ្ទះនេះជា ”ប្រភេទផ្ទះអ្នកក្រខ្សត់”។ រហូតមកដល់រជ្ជកាលរបស់ព្រះបាទអង្គជ័យ (ហៅត្រសក់ផ្អែម) នៅពាក់កណ្តាលសតវត្សទី១៤ អ្នកស្រុកក៏បានចាប់ផ្តើមបោះបង់ការសាងសង់ប្រភេទផ្ទះនេះ។ ក៏ប៉ុន្ដែប្រភេទផ្ទះរោងបានចាប់ផ្តើមទទួលប្រជាប្រិយភាពជាថ្មីម្ដងទៀត ពីសំណាក់ជនអន្តោប្រវេសន៍ជនជាតិចិន ដែលបានមកតាំងទីភាគច្រើននៅតាមដងទន្លេមេគង្គ (ជាពិសេសខេត្តកំពង់ចាម និងខេត្តក្រចេះ)។ ក្រោយមក ប្រភេទផ្ទះរោងត្រូវបានគេហៅថា​ “ផ្ទះកន្ដាំង”ទៅវិញ។

ការវិវត្តរ៍នៃការប្រើប្រាស់សម្ភារៈប្រក់ដំបូលនៅកម្ពុជា

រូបភាពដោយ៖ Brian Hoffma/Flickr

ស្លឹកត្នោត ឬស្បូវ

ការប្រក់ដំបូលជាមួយសម្ភារៈពីរប្រភេទនេះគឺជាឧទាហរណ៍មួយដ៏ល្អសម្រាប់ឆ្លុះបង្ហាញអំពីស្ថាបត្យកម្មរចនាស្របទៅតាមកាលៈទេសៈនៃតំបន់។ ខណៈពេលដែលផ្នែកផ្សេងៗនៃដើមត្នោតត្រូវអាចគេយកទៅប្រើប្រាស់ឬច្នៃជាផលិតផលសិប្បកម្មដូចជាស្ករត្នោត ស្លឹករបស់វាអាចយកទៅត្បាញជាផ្ទាំងស្លឹកទុកប្រក់ដំបូល ដែលមានលក់នៅក្នុងតំលៃសមរម្យ។ វិធីត្បាញនេះគឺមានអាយុកាលរាប់រយឆ្នាំមកហើយ។ នៅពេលដែលត្បាញរួច គេហាលវាឱ្យស្ងួតចេញពណ៌ត្នោត ហើយអាចយកទៅប្រើប្រាស់ដោយបន្ទុបវាជាប់ជាមួយគ្រោងឆ្អឹងឬស្សី។ ស្បូវក៏ជាសម្ភារៈប្រក់ដំបូលដែលមានការពេញនិយមប្រើប្រាស់ក្នុងតំបន់ ហើយរបៀបក្នុងការផលិតនិងតម្លើងក៏មានលក្ខណៈប្រហាក់ប្រហែលនឹងការប្រក់ស្លឹកត្នោតផងដែរ។ ថ្វីត្បិតថាប្រភេទដំបូលប្រក់ស្បូវឬប្រក់ស្លឹកត្នោត ជាប្រភេទដំបូលពុំសូវរឹងមាំដូចប្រភេទដំបូលផ្សេងទៀត អត្ថប្រយោជន៍ដ៏សំខាន់របស់វាមួយដែលមិនអាចមើលរំលងនោះគឺសមត្ថិភាពក្នុងការរក្សាសីតុណ្ហហភាពត្រជាក់ក្រោមកំដៅថ្ងៃបានយ៉ាងល្អ។ លើសពីនេះទៅទៀត ដំបូលប្រភេទនេះមានទម្ងន់ស្រាល ងាយស្រួលសម្រាប់សាងសង់សំណង់តូចៗនៅតាមស្រុកស្រែចំការ។

ក្បឿងដី

ក្បឿងដីផលិតឡើងចេញពីរូចធាតុដូចគ្នាទៅនឹងដុំឥដ្ឋ។ ដូចនឹងវិធីប្រក់ស្លឹងត្នោតឬប្រក់ស្បូវ ការប្រក់ក្បឿងដីក៏ជាទំនៀមទំលាប់ខ្មែរបុរាណមួយ ដែលមានអាយុកាលតាំងពីមុនសម័យអង្គរមកម៉្លោះ។ ប្រភេទក្បឿងដីត្រូវបានគេឲ្យតម្លៃខ្ពស់ដោយសារភាពធននិងរឹងមាំរបស់វា ដែលយើងអាចបញ្ជាក់បានតាមរយៈកំណាយផស្តុតាងកម្ទេចក្បឿងដែលបានបន្សល់ទុកតាំងពីសម័យអង្គរ និងមុនសម័យអង្គរ។ ទន្ទឹមនឹងភាពធននិងរឹងមាំរបស់វា ភាពសម្បូរបែបនៃក្បឿងដីក្នុងតំបន់ក៏ជាកត្តាដែលជម្រុយឲ្យប្រភេទដំបូលនេះទទួលបានប្រជាប្រិយភាព និងមានការប្រើប្រាស់ច្រើន។

រូបភាពដោយ៖ Brian Hoffma/Flickr

បន្ទះស័ង្កសី

សព្វថ្ងៃ ប្រភេទលោហធាតុដែលគេពេញនិយមប្រើសម្រាប់ប្រក់ដំបូលជាងគេនៅក្នុងប្រទេសកម្ពុជាគឺស័ង្កសី។ ដោយសាតម្លៃធូរថ្លៃរបស់ស័ង្កសីនៅក្នុងទីផ្សារ មនុស្សជាច្រើនបានមើលរំលងទាំងស្រុងលើចំណុចខ្សោយរបស់វា ដែលរួមមានការបង្កសំលេងរំខាននៅពេលភ្លឿងធ្លាក់ក៏ដូចជាអាយុកាលប្រើប្រាស់ដ៏ខ្លី។ យ៉ាងណាក្តី ស័ង្កសីគឺជាសម្ភារៈមួយប្រភេទដែលអាចយកទៅប្រើប្រាស់បានក្នុងករណីជាច្រើន។ ពីរបងផ្ទះទៅដំបូលទៅជញ្ជាំង ស័ង្កសីត្រូវបានគេប្រើប្រាស់នៅគ្រប់កន្លែងនៅប្រទេសកម្ពុជា។

ក្បឿងស៊ីម៉ងត៍

ក្បឿងស៊ីម៉ងត៍គឺជាប្រភេទដំបូលធ្វើឡើងពីបេតុងដែលទើបតែមានការពេញនិយមប្រើប្រាស់នៅក្នុងទីផ្សារកម្ពុជា។ ភាគច្រើនគេប្រើដំបូលប្រភេទនេះដើម្បីជំនួសឲ្យក្បឿងដីដែលធ្លាប់មានការប្រើប្រាស់តាំងពីបុរាណមក ដោយសារលក្ខណៈស្រដៀងគ្នារវាងប្រភេទដំបូលទាំងពីរ។ ដោយមានភាពងាយស្រួល និងឆាប់រហ័សក្នុងការផលិតបេតុង ចំណុចពិសេសដែលធ្វើឲ្យក្បឿងស៊ីម៉ង់ត៍មានលក្ខណៈល្អជាងក្បឿងដីធម្មតានោះគឺតម្លៃដ៏ធូរថ្លៃរបស់វា។ យ៉ាងណាមិញ យើងក៏គួរគិតគូទៅលើចំណុចខ្សោយមួយចំនួនតូចរបស់វាផងដែរ។ ជាក់ស្ដែង ក្បឿងស៊ីម៉ងត៍មានទម្ងន់ធ្ងន់ជាងក្បឿងដី ដូច្នេះតម្រូវឲ្យមានការថែទាំឱ្យបានដិតដល់។ ម្យ៉ាងវិញទៀត ក្បឿងស៊ីម៉ងត៍មានអាយុកាលខ្លីជាងក្បឿងដី។

ដំបូលក្នុងសម័យអង្គរ

នៅចុងសតវត្សទី១៣ អ្នកការទូតជនជាតិចិនម្នាក់ឈ្មោះ ជីវ តាក្វាន់ បានធ្វើដំណើរទស្សនកិច្ច និងស្នាក់នៅចក្រភពអង្គររយៈពេលជិតមួយឆ្នាំ។ លោកជាបុគ្គលដែលត្រូវបានគេស្គាល់ដោយកំណត់ត្រារបស់លោក ដែលផ្ដល់ព័ត៌មានដ៏មានតម្លៃដល់បុរាណវិទូ។ ដោយផ្អែកលើកំណត់ត្រារបស់លោកជីវ តាក្វាន់នៅចុងសតវត្សទី១៣យើងអាចសន្និដ្ឋានថា ប្រជាជនខ្មែរបានសាងសង់ដំបូលដោយប្រើវត្ថុធាតុដើមចំនួនបួនប្រភេទរួចមកហើយ ដែលក្នុងនោះរួមមាន៖ ក្បឿងសំណលោហៈ ក្បឿងដីរលោង ក្បឿងដីធម្មតា និងស្លឹកប្រក់។ បុរាណវិទូមួយចំនួនបានបំផុសគំនិតថា ប្រភេទដំបូលទាំងនេះប្រហែលជាមានការពាក់ព័ន្ទទៅនឹងការបែងចែកវណ្ណៈសង្គមនាសម័យនោះ។ ពួកគាត់បានធ្វើការប៉ាន់ស្មានថា មានតែអ្នកដែលមានស័ក្តិយសឫមន្រ្តីជាន់ខ្ពស់ក្នុងរាជការប៉ុណ្ណោះដែលបានអនុញ្ញាតឱ្យប្រើប្រភេទដំបូលមានតម្លៃថ្លៃ ដូចជាដំបូលក្បឿងជាដើម។ ចំណែកឯប្រជារាស្រ្តសាមញ្ញវិញ មិនថាក្រឬមាន ពុំមានសិទ្ធក្នុងការប្រើប្រាស់ប្រភេទដំបូលក្បឿងនោះឡើយ។ ដូច្នេះផ្ទះរបស់ពួកគេសុទ្ធសឹងតែមានដំបូលប្រក់ឡើងពីស្បូវឬស្លឹកត្នោត។

វិធីសាស្រ្តរក្សាសីតុណ្ហភាពក្នុងដំបូល

បញ្ហាចម្បងនៃការសាងសង់ក្នុងតំបន់អាកាសធាតុក្ដៅសើមនោះគឺ ការរក្សាសីតុណ្ហភាពសមប្រកបសម្រាប់បរិវេនរស់នៅ។ កម្ដៅដែលទទួលបានមកពីព្រះអាទិត្យក្នុងតំបន់ត្រូពិច ធ្វើឲ្យងាយស្រួលដល់ការចម្លងកន្ដៅពីមជ្ឍដ្ឋានខាងក្រៅទៅខាងក្នុង។ ការសិក្សាក្នុងឆ្នាំ២០០៧ បានបង្ហាញថា ដំបូលទទួលរងកម្ដៅដល់ទៅ ៧០% ធៀបទៅនឹងផ្នែកផ្សេងៗនៃគេហដ្ឋាន ដោយសារផ្ទៃដំបូលប៉ះផ្ទាល់ទៅនឹងពន្លឺព្រះអាទិត្យ  (Vijaykumar et al., 2007)

មានកត្តាតូចៗជាច្រើនទៀតដែលមានឥទ្ធិពលលើការស្រូបពន្លឺតាមរយៈដំបូល ដូចជាទម្រង់ និងជ្រុងនៃអគារ និងដំបូល។ ដើម្បីដោះស្រាយបញ្ហានេះ វិធីសាស្រ្តរក្សាសីតុណ្ហភាពក្នុងដំបូលជាច្រើនត្រូវបានយកមកប្រើប្រាស់ ដើម្បីផ្ដល់ការរស់នៅប្រកបដោយផាសុកភាព។ វិធីសាស្ត្រទាំងនេះជួយក្នុងការរក្សាបរិយាកាសខ្យល់ត្រជាក់ដោយមិនប្រើបរិក្ខារទំនើប ដែលមិនមានផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាសន្សំសំចៃថ្លៃអគ្គិសនីផងដែរ។  

ជម្រើសសម្ភារៈ

ជម្រើសសម្ភារៈជាផ្នែកមួយដ៏សំខាន់នៃការរចនា ដែលមិនត្រឹមតែផ្ដល់នូវសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងផាសុកភាពដល់ការរស់នៅទៀតផង។ ដំបូងអ្នកប្រហែលជាគិតថា សម្ភារៈប្រក់ដែលមានដង់ស៊ីតេខ្ពស់ដូចជាក្បឿងដី ឬក្បឿងស៊ីម៉ងត៍អាចជួយទប់ទល់នឹងកម្តៅថ្ងៃបានយ៉ាងល្អ។ ប៉ុន្តែជាក់ស្ដែង សម្ភារៈទាំងនេះជាប្រភេទសម្ភារៈដែលស្រូបកម្តៅខ្លាំង និងបញ្ចេញកម្តៅដែលវាស្រូបបាននោះនៅពេលយប់ បង្កឱ្យមានការកើនកម្តៅនៅក្នុងគេហដ្ឋាន។ សម្ភារៈស្រាលដូចជាស្បូវ ឬស្លឹកត្នោតពុំសូវស្រូប ឬកាន់កម្តៅជាប់យូរដូចក្បឿងពិតមែន ប៉ុន្ដែដោយសារតែគុណភាពធ្វើឲ្យការប្រើប្រាស់មានពេលកំណត់។ ថ្វីត្បិតថាសម្ភារៈស្រាលធ្វើពីលោហៈធាតុ ដូចជាស័ង្កសីអាចនឹងស័ក្តិសមសម្រាប់សំណង់មួយចំនួនក៏ដោយ លោហៈធាតុងាយនឹងស្រូបកម្ដៅ ដែលបង្កឲ្យមានភាពមិនសមប្រកបនៅក្រោមកម្ដៅថ្ងៃ។ យ៉ាងណាក្តី ដោយការជ្រើសរើស ពណ៌និងផ្ទៃសម្ភារៈឱ្យបានត្រឹមត្រូវ វាអាចជួយកាត់បន្ថយការស្រូបកម្ដៅបានមួយផ្នែកធំ។ ផ្ទៃដែលមានពណ៌ស្រាល និងភ្លឺរលោងអាចជួយជះផ្លាតកម្តៅបានល្អជាងផ្ទៃដែលមានពណ៌ក្រម៉ៅ និងស្រអាប់ក្រើម។ ដូច្នេះ សម្រាប់ដំបូលផ្ទះ​នៅតំបន់ត្រូពិច គេតែងតែណែនាំឱ្យជ្រើសរើសសម្ភារៈណាដែលមានពណ៌ស្រាល និងភ្លឺរលោង ដូចជាពណ៌ស ឬប្រផេះស្រាល ជាជាងពណ៌ស្រអាប់។

លំហូរខ្យល់ធម្មជាតិ

ដំបូលដែលបានរចនាឡើងដោយពុំមានការយកចិត្តទុកដាក់អាចផ្ទុកកម្តៅបានលើសពីអ្វីដែលអ្នករស់នៅអាចទ្រាំទ្របាន។ ដោយឡែក ដំបូលដែលបានរចនាឡើងដោយមានការគិតគូហ្មត់ចត់និងប្រព័ន្ធខ្យល់ចេញចូលត្រឹមត្រូវអាចជួយដោះស្រាយបញ្ហាកម្តៅនេះបានដោយងាយ។ ជាក់ស្តែង ការកើនកម្ដៅនៃខ្យល់ត្រជាក់ធ្វើឲ្យមានការប្រែប្រួលសម្ពាធកាន់តែខ្ពស់។ ហេតុនេះហើយទើបគេតែងតែសង្កេតឃើញថាខ្យល់ក្តៅហាក់បីដូចជាប្រមូលផ្តុំនៅពីក្រោមផ្ទៃដំបូល។ ការដែលមានរន្ធឬប្រហោងសម្រាប់ខ្យល់ក្តៅហូរចេញនោះគឺជាវិធីសាស្រ្តដ៏មានប្រសិទ្ឋិភាពមួយដើម្បីជួយរក្សាសីតុណ្ហភាពដែលសមស្របសម្រាប់រស់នៅ។ ជាទូទៅ គេអាចអនុវត្តបានទៅតាមវិធីសាស្រ្តពីរបែបរួមមាន៖ លំហូរខ្យល់បែប stack ventilation និងលំហូរបែប cross ventilation។ នៅក្នុងវិធីសាស្រ្ត stack ventilation ខ្យល់ត្រជាក់ដែលមកពីផ្នែកខាងក្រោមផ្ទះ (ជាទូទៅ​ ពីបង្អួចឬព្រឹល) ហូរចូលក្នុងផ្ទះ ហើយឡើងទៅលើដើម្បីរុញខ្យល់ក្តៅចេញតាមរន្ធខ្យល់ដែលមាននៅតាមដំបូល។ នៅក្នុងវិធីសាស្រ្ត cross ventilation (សម្រាប់ដំបូលវិញ) គេច្រើនដាក់រន្ធខ្យល់នៅចន្លោះចុងដំបូលនិងជញ្ជាំងដើម្បីបង្កើតជាផ្លូវសម្រាប់ខ្យល់ចេញចូលពីម្ខាងទៅម្ខាងទៀត។

អ៊ីសូឡង់ការពារកម្តៅ

វិធីសាស្រ្តក្នុងការរក្សាសីតុណ្ហភាពដំបូលដែលមានតម្លៃខ្ពស់តែមានប្រសិទ្ធិភាពជាងគេគឺស្រទាប់អ៊ីសូឡង់។ ជារួម ស្រទាប់អ៊ីសូឡង់អាចជួយការពារគេហដ្ឋានបានពីកម្តៅថ្ងៃ ក៏ដូចជាបង្កាការបាត់បង់កម្តៅចេញពីផ្ទះផងដែរ ហើយត្រូវបានគេប្រើប្រាស់ទៅតាមល័ក្ខខ័ណ្ឌរបស់តំបន់នីមួយៗ។ ស្រទាប់អ៊ីសូឡង់អាចមានទម្រង់ និងអាចធ្វើឡើងចេញពីរូបធាតុជាច្រើនប្រភេទ រចនាឡើងដើម្បីឆ្លើយតបទៅកាន់បញ្ហាអាកាសធាតុនៅជុំវិញពិភពលោក។ សម្រាប់ស្ថានភាពអាកាសធាតុប្រទេសកម្ពុជា បញ្ហាប្រឈមចម្បងគឺការកើនកម្តៅនៅក្នុងអគារ ដូច្នេះគេតែងប្រើប្រភេទដំបូលណាដែលរលោងហើយភ្លឺដូចជាសន្លឹកអាលុយមីញ៉ូម ដោយវាអាចជួយផ្លាតកម្តៅថ្ងៃចេញពីផ្នែកខាងក្នុងផ្ទះបានដោយងាយស្រួល។ ប្រភេទស្រទាប់អ៊ីសូឡង់ទាំងនេះមានលក្ខណៈស្តើងដូចក្រដាស ហើយគេតែងសៀតវាចំពីក្រោមក្បឿងឬផ្ទោងរបស់ដំបូល។ ប៉ុន្តែ ចំណុចសំខាន់មួយដែលអ្នកគួរកត់សម្គាល់នោះ​គឺ គេពុំដែលដាក់ផ្ទៃខាងក្រោមរបស់ស្រទាប់អ៊ីសូឡង់ឲ្យប៉ះជាមួយនឹងផ្ទៃអ្វីផ្សេងទៀតឡើយ ដោយវាអាចបង្កឲ្យផ្ទៃនៃវត្ថុទាំងនោះចម្លងកម្តៅបន្តពីស្រទាប់អ៊ីសូឡង់។ ថ្វីត្បិតថាការប្រើប្រាស់ស្រទាប់អ៊ីសូឡង់មានតម្លៃថ្លៃក៏ដោយ ការចំណាយទៅលើស្រទាប់ការពារប្រភេទនេះអាចជាការចំណាយមួយដ៏មានតម្លៃ។ ដោយយោងទៅតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត ស្រទាប់អ៊ីសូឡង់អាចជួយកាត់បន្ថយកម្តៅដែលអាចកើននៅក្នុងគេហដ្ឋានរហូតទៅដល់ ៨០% ឯណោះ។

ដំបូលបៃតង

ដូចឈ្មោះរបស់វា ដំបូលបៃតងគឺជាដំបូលដែលមានការដាំដុះរុក្ខជាតិបៃតងនៅពីលើ។ ដំបូលប្រភេទនេះ គេច្រើនសង់ជាដំបូលចាក់ប្លង់សេរាបស្មើរឬដំបូលដែលមានជម្រាលទាល ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការដាំដុះរុក្ខជាតិ។ ដំបូលបៃតងបានផ្តល់នូវគុណប្រយោជន៍ជាច្រើនចំពោះការចំណាយនៅថ្ងៃអនាគតរហូតអាចប៉ះពៅរួចរាល់ថ្លៃចំណាយដំបូងទៀតផង។ ការប្រើប្រាស់ដំបូលបៃតងជួយកាត់បន្ថយការកើនកម្តៅនៅផ្នែកដំបូលក៏ដូចជាផ្នែកខាងក្នុងផ្ទះ ហើយជួយកាត់បន្ថយការចំណាយទៅលើថ្លៃអគ្គិសនីផងដែរ។ រុក្ខជាតិដែលបានដាំដុះនៅលើដំបូល ដើរតួនាទីជារណាំងការពារដំបូលផ្ទះពីកម្តៅថ្ងៃ។ បន្ថែមពីនេះទៅទៀត តាមការដកដង្ហើមរបស់វា រុក្ខជាតិទាំងនេះក៏ជួយធ្វើឲ្យខ្យល់មានសំណើម ដែលអាចទប់ទល់នឹងការខ្ទប់កម្តៅនៅក្នុងទីក្រុងដង់ស៊ីតេខ្ពស់ (heat island effect)។ យ៉ាងណាមិញ ដោយសារតែតម្លៃខ្ពស់ក្នុងការសាងសង់ និងការថែទាំដំបូលប្រភេទនេះ គេពុំទាន់សូវនិយមសាងសង់វាជាទូទៅនៅឡើយទេ​។​ សព្វថ្ងៃ​ គេច្រើនតែសាងសង់ដំបូលបៃតងនៅលើប្រភេទអគារពាណិជ្ជកម្មទំនើបៗ​ និងនៅតាមទីក្រុងដែលមានការយកចិត្តទុកដាក់ខ្ពស់ទៅលើបរិស្ថានធម្មជាតិដូចជាទីក្រុងសឹង្ហបុរីជាដើម៕