នាចុងសតវត្សទី១៩ ក្រុងភ្នំពេញត្រូវបានបែងចែកចេញជា ៣ សង្កាត់ ដោយផ្អែកតាមជាតិសាសន៍នីមួយៗ។ សកម្មភាពជំនួញភាគច្រើនត្រូវបានធ្វើឡើងនៅតាមដងទន្លេសាប និងទន្លេមេគង្គ។ យោងតាមរបាយការណ៍ក្នុងឆ្នាំ ១៨៥៩ គេឃើញថាសង្កាត់ដែលមានកំណើនប្រជាជនច្រើននោះគឺសង្កាត់ជនជាតិចិន ដែលមូលហេតុចម្បងគឺដោយសារទន្លេមេគង្គនិងសមុទ្រចិនខាងត្បូង ដែលជួយសម្រួលក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅឆ្នាំ ១៨៦៥ ពីរឆ្នាំក្រោយប្រទេសកម្ពុជាត្រូវបានដាក់ក្រោមអាណានិគមរបស់បារាំង ភ្នំពេញបានក្លាយទៅជារាជធានី ហើយការអភិវឌ្ឍន៍សំខាន់ៗនៅក្នុងតំបន់ក៏ចាប់ផ្តើមកើតមានឡើងជាបន្តបន្ទាប់។ ព្រះបរមរាជវាំងថ្មីត្រូវបានកសាងឡើងដោយប្រើប្រាស់ឥដ្ឋ ហើយព្រះបាទនរោត្តមក៏បានជួលអ្នកម៉ៅការជនជាតិបារាំងមួយរូប ដើម្បីសាងសង់បន្ថែមនូវផ្ទះល្វែងចំនួន ៣០០ ខ្នង ដើម្បីផ្គត់ផ្គង់តម្រូវការគេហដ្ឋានរបស់ប្រជាជនដែលកំពុងតែកើនឡើងនាពេលនោះ។ នៅកំឡុងពេលនេះហើយដែលផ្ទះល្វែងចាប់ផ្តើមមានវត្តមាននៅប្រទេសកម្ពុជា។
នៅឆ្នាំ១៨៨៩ ក្រុងភ្នំពេញត្រូវបានបែងចែងជាសង្កាត់ផ្សេងៗ ដោយយោងទៅតាមជាតិសាសន៍ និងមុខរបរការងាររបស់ប្រជាជន។ នៅសង្កាត់បារាំងមានការសាងសង់នូវសំណង់រដ្ឋបាល ចំណែកសង្កាត់ចិនសំបូរទៅដោយផ្សារ និងហាងលក់ទំនិញ ឯសង្កាត់ខ្មែរវិញគឺជាទីតាំងនៃរដ្ឋបាលមូលដ្ឋានក្នុងតំបន់។
សព្វថ្ងៃនេះ បណ្តាញផ្លូវភាគច្រើនត្រូវបានកែសម្រួល ហើយប្រព័ន្ធប្រឡាយទឹកថ្មីៗក៏ត្រូវបានជីកឡើង។ ទល់មកដល់សព្វថ្ងៃ យើងអាចឃើញសំណង់មួយចំនួនដែលបន្សល់ទុកពីជំនាន់នោះ ខ្លះត្រូវគេបោះបង់ចោល និងមិនមានការថែទាំ ឬអភិរក្សឡើយ។