Series:

០០៦ ស្ថាបត្យកម្មខ្មែរថ្មី

នៅក្នុង SERIES យើងនឹងធ្វើការបង្ហាញពីចំណុចសំខាន់ៗមួយចំនួនដែលទាក់ទងទៅនឹងស្ថាបត្យកម្មខ្មែរថ្មី អ្វីទៅដែលហៅថាស្ថាបត្យកម្មខ្មែរថ្មី តើរចនាបថនេះមានលក្ខណៈពិសេសអ្វីខ្លះ ព្រមទាំងមូលហេតុ និងកត្ដាមួយចំនួនដែលអ្នករចនា និងអ្នករៀបចំផែនការទីក្រុងនាសម័យបច្ចុប្បន្នគួរធ្វើការសិក្សា និងពិចារណាបន្ថែម សម្រាប់ការរចនាគម្រោងនីមួយៗរបស់ពួកគាត់។

ជាស្នូលដ៏សំខាន់មួយនៃការអភិវឌ្ឍន៍នៅក្នុងសម័យសង្គមរាស្ដ្រនិយម (ឆ្នាំ១៩៥៥-១៩៧០) ស្ថាបត្យកម្មខ្មែរថ្មី បានក្លាយជាអត្តសញ្ញាដែលសម្គាល់នូវនវានុវត្តន៍ ទំនើបកម្ម និងឯករាជ្យជាតិនៃប្រទេសកម្ពុជា។ ស្ថាបត្យកម្មមួយនេះត្រូវបានអនុវត្តទៅលើសំណង់អគាររដ្ឋជាច្រើន និងថែមទាំងបានដាក់បង្ហាញក្នុងខ្សែភាពយន្ត អក្សរសាស្ដ្រ ព្រមទាំងបណ្ដាញសង្គមផ្សព្វផ្សាយក្នុងស្រុកជាច្រើនផ្សេងទៀតនៅក្នុងសម័យសង្គម។ មិនតែប៉ុណ្ណោះ ស្ថាបត្យកម្មនេះក៏ត្រូវបានទទួលការគោរព និងភាពទាក់ទាញពីស្ថាបត្យករជាតិ និងអន្តរជាតិ ក៏ដូចជាបុរាណវិទូផ្នែកសា្ថបត្យកម្មផងដែរ។

ការសិក្សាពីវត្តមាននៃស្ថាបត្យកម្មខ្មែរថ្មី ត្រូវបានផ្សាភ្ជាប់ទៅនឹងកត្ដាសង្គមនយោបាយនៃសម័យសង្គមរាស្ដ្រនិយម ដែលមានន័យថាតាមរយៈការសិក្សានេះ យើងក៏អាចយល់បន្ថែមពីតួនាទី និងសារៈសំខាន់នៃស្ថាបត្យកម្មក្នុងជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាឥទ្ធិពលនៃស្ថាបត្យកម្មទៅលើកត្តាផ្សេងៗទៀតផងដែរ។  

ដំណើរដើមទង ភាគ១ - សេចក្ដីផ្ដើម

បន្ទាប់ពីសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់នៅពាក់កណ្ដាលសតវត្សរ៍ទី២០ បណ្ដាប្រទេសនៅទ្វីបអឺរ៉ុបបានធ្លាក់ក្នុងសភាពទ្រុឌទ្រោម ដែលបានធ្វើឲ្យប្រទេសទាំងនោះត្រូវប្រគល់ឯករាជ្យដល់ប្រទេសដែលជារដ្ឋចំណុះរបស់ខ្លួនវិញ។ ក្នុងចំណោមនោះ ប្រទេសកម្ពុជាក៏បានទទួលឯករាជ្យពេញលេញ (នៅថ្ងែទី០៩ ខែវិចិ្ឆកា ឆ្នាំ១៩៥៣) បន្ទាប់ពីស្ថិតក្រោមអាណានិគមបារាំងអស់រយៈពេលជាង ១ទសវត្សរ៍កន្លងមក។ ចលនាទាមទារឯករាជ្យជាតិត្រូវបានដឹកនាំដោយ សម្ដេចព្រះមហាក្សត្រព្រះ នរោត្តម សីហនុ ដែលបន្ទាប់មកក្នុងឆ្នាំ១៩៥៥ ទ្រង់បានដាក់រាជ្យដើម្បីបន្ដព្រះរាជកិច្ចក្នុងវិស័យនយោបាយ និងបានបង្កើតគណបក្សនយោបាយដែលមានឈ្មោះថា  «សង្គមរាស្ដ្រនិយម» ហើយបានក្លាយជាឈ្មោះនៃសម័យកាលក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។

Cultural renaissance

បន្ទាប់ពីត្រូវបានជ្រើសតាំងដោយការបោះឆ្នោត សម្ដេចព្រះ សីហនុ មានព្រះរាជគំនិតកសាងប្រទេសកម្ពុជាឡើងវិញ ឲ្យក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍ ទំនើបកម្ម និងជាប្រទេសដែលទទួលបានឯករាជ្យពេញលេញ។ ក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ប្រទេសកម្ពុជាក៏ទទួលបានការរីកចម្រើន និងពេញនិយមក្នុងផ្នែកសិល្បៈវប្បធម៌ ក៏ដូចជាអក្សរសាស្ដ្រផងដែរ។

Building spree

សម្ដេចព្រះ សីហនុ មានព្រះរាជបំណងបង្កើតនូវអត្តសញ្ញាណជាតិថ្មីមួយដោយខ្លួនទ្រង់ផ្ទាល់។ ដើម្បីសម្រេចបាននូវគោលការណ៍នេះ ទ្រង់បានបង្កើតគម្រោងរៀបចំអភិវឌ្ឍន៍ប្រទេសឧបត្ថម្ភដោយរដ្ឋាភិបាលដ៏មហិមាមួយ ដែលអាចចាត់ទុកជាផែនការរៀបចំប្រទេសដ៏ធំជាងគេ បន្ទាប់ពីរជ្ជកាលព្រះបាទជ័យរវ្ម័នទី៧។ ផែនការរៀបចំនេះមានគោលដៅដ៏ច្បាស់លាស់ ដោយសម្ដេចព្រះ សីហនុ មានសេចក្ដីប្ដេជ្ញាក្នុងការធ្វើឲ្យសមិទ្ធិផលរបស់ទ្រង់អាចស្ថិតស្ថេរគង់វង្ស ដូចទៅនឹងសមិទ្ធិផលដែលព្រះមហាក្សត្រសម័យអង្គរបានបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយ។ គោលការណ៍ដ៏មានមហិច្ឆិតារបស់សម្ដេចព្រះ សីហនុ ក្នុងការសាងសង់អគារសាធារណៈរួមមាន ប្លុកអគារលំនៅឋាន មជ្ឈមណ្ឌលវប្បធម៌ និងសិល្បៈ រោងចក្រឧស្សាហកម្ម ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានសាងសង់ជាសន្ធឹកសន្ធាប់ទូទាំងប្រទេស។

L’espirit nouveau

ចំពោះផ្នែកស្ថាបត្យកម្មវិញ ក៏ត្រូវបានឆ្លុះបញ្ចាំងពីព្រះរាជគំនិតរបស់ព្រះអង្គចំពោះសង្គមខ្មែរទំនើបផងដែរ។ ក្នុងអំឡុងពេលនោះ ឥទ្ធិពលនៃសង្គ្រាមលោកបានជម្រុញឲ្យប្រទេសនៅតំបន់អឺរ៉ុបប្រើប្រាស់ទស្សនៈនៃទំនើបកម្ម ដែលបន្ទាប់មកបានក្លាយជាស្ថាបត្យកម្មដែលទទួលបានការពេញនិយម និងមានភាពលេចធ្លោជាងគេ ជាអន្ដរជាតិនៅក្នុងវិស័យស្ថាបត្យកម្ម។ ដោយមានសេចក្ដីខ្នះខ្នែងដើម្បីណែនាំប្រទេសកម្ពុជាទៅកាន់ឆាកអន្ដរជាតិ សម្ដេចព្រះ សីហនុ បានត្រាស់បង្គាប់ និងតែងតាំងស្ថាបត្យករ ក៏ដូចជាវិស្វករជាតិ និងអន្តរជាតិជាច្រើនរូប ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស ដើម្បីជាចំណែកជួយក្នុងការបំពេញចក្ខុវិស័យរបស់ព្រះអង្គ។ កន្លងមក ស្ថាបត្យកម្មបែបទំនើបមួយចំនួនត្រូវបានសាងសង់ក្នុងប្រទេសកម្ពុជារួចមកហើយ (ដែលភាគច្រើនជារចនាបថអាតដេកូ) ក៏ប៉ុន្ដែមូលហេតុដែលធ្វើឲ្យស្ថាបត្យកម្មថ្មីនេះមានលក្ខណៈខុសប្លែកនោះ គឺដោយសារតែមានការរួមបញ្ចូលនៃការប្រើប្រាស់ក្បាច់តុបតែងបុរាណ ដែលបានបង្ហាញពីសេចក្ដីនឹករលឹក និងគោរពដល់ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរ។ ស្ថាបត្យកម្មនេះត្រូវបានគេស្គាល់ជា «ស្ថាបត្យកម្មខ្មែរថ្មី»។

លក្ខណៈសម្បត្តិបុរាណ ក្នុងការបង្កើតថ្មី

ស្ថាបត្យកម្មខ្មែរថ្មី សម្ដៅទៅលើនិន្នាការនៃស្ថាបត្យកម្មថ្មីមួយដែលត្រូវបានបង្កើតឡើងនៅចុងទសវត្សរ៍ឆ្នាំ១៩៥០ ដល់ចុងទសវត្សរ៍ឆ្នាំ១៩៦០ នៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែលុះមកដល់ដើមទសវត្សរ៍ឆ្នាំ១៩៦០ ទើបឃើញមានការចុះផ្សាយជាលើកដំបូងក្នុងទស្សនាវដ្ដីក្នុងស្រុក។ ស្ថាបត្យកម្មនេះត្រូវបានគេភាគច្រើនសម្គាល់ដោយមានការរួមបញ្ចូលនៃស្ថាបត្យកម្មអន្ដរជាតិក្នុងបែបបទទំនើប ជាមួយនឹងវប្បធម៌ និងសិល្បៈខ្មែរ។

ស្ថាបត្យកម្មទំនើបក្នុងបរិបទបស្ចិមប្រទេស ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីរួមបញ្ចូលរចនាបថបែបតិចនិយម ជាមួយនឹងរចនាបថដែលមានមុខងារប្រើប្រាស់ច្បាស់លាស់ ដោយលុបបំបាត់នូវក្បាច់តុបតែងដែលត្រូវបានគេចាត់ទុកថាមិនចាំបាច់។ ដោយឡែក ទោះបីជាស្ថាបត្យកម្មខ្មែរថ្មី គឺជាការបណ្ដុះគំនិតពីស្ថាបត្យកម្មទំនើបក៏ដោយ ក៏ស្ថាបត្យកម្មនេះមានលក្ខណៈខុសប្លែកពីស្ថាបត្យកម្មទំនើបដទៃទៀតផងដែរ។ ថ្វីត្បិតតែមានការរចនាជាបន្ទាត់ត្រង់ និងជារាងធរណីមាត្រក៏ដោយ ក៏ស្ថាបត្យករខ្មែរតែងតែបន្ថែមនូវក្បាច់តុបតែងដែលឆ្លុះបញ្ចាំងពីស្ថាបត្យកម្មប្រពៃណីខ្មែរ។

មិនតែប៉ុណ្ណោះ សំណង់អគារក្នុងស្ថាបត្យកម្មថ្មីទាំងនោះត្រូវបានសាងសង់ដោយប្រើសម្ភារៈសំណង់ទំនើបដូចជា ប៉េតុងអាម៉េ និងអាលុយមីញ៉ូម ព្រមទាំងបានអនុវត្តវិធីសាស្ដ្រសាងសង់ទំនើបៗមួយចំនួនទៀតដូចជា សំណង់ដែលមានគ្រោងអណ្ដែតដែលពុំតម្រូវឲ្យមានទម្រច្រើន និងវេរ៉ងដារកុងសូល ជាដើម។ ជាមួយនឹងការប្រើប្រាស់បចេ្ចកវិទ្យាសាងសង់នៃតំបន់បស្ចិមប្រទេសទាំងនេះ ស្ថាបត្យករខ្មែរអាចរចនា និងគ្រប់គ្រងទម្រង់នៃអគាររបស់ពួកគាត់បានដោយភាពងាយស្រួល និងមានភាពបត់បែន។

សព្វថ្ងៃនេះ យើងអាចសម្គាល់អគារក្នុងរចនាបថស្ថាបត្យកម្មខ្មែរថ្មី បានដោយងាយ តាមរយៈវិសាលភាពនៃការប្រើប្រាស់វិធីសាស្ដ្រនៃការសាងសង់ដែលសម្របទៅនឹងអាកាសធាតុក្នុងតំបន់ ជាមួយនឹងការរចនាផ្ទៃជញ្ជាំងខាងមុខនៃអគារ។ នាពេលនោះ ការសម្របទៅតាមអាកាសធាតុតំបន់ត្រូពិច គឺជាចំណុចដ៏សំខាន់មួយដែលត្រូវពិចារណាក្នុងវិស័យស្ថាបត្យកម្ម។ ការពិចារណាលើចំណុចនេះជួយធានាក្នុងការទទួលបានខ្យល់អាកាស និងពន្លឺធម្មជាតិ ក៏ដូចជាជួយកាត់បន្ថយការប្រើប្រាស់ឧបករណ៍អគ្គិសនីផងដែរ។ សម្ភារៈដូចជា ឥដ្ឋខ្យល់ ជញ្ជាំងការពារកម្ដៅ និងទ្វារបង្អួចស្លាបព្រិលត្រូវបាននិយមប្រើប្រាស់ ដែលផ្ដល់នូវផាសុកភាពដល់អ្នករស់នៅនារដូវក្ដៅ។ ការសាងសង់ដែលបន្សាំនឹងអាកាសធាតុនេះក៏មានឥទ្ធិពលលើទម្រង់ ការរៀបចំ ក៏ដូចជាមុខងារនៃអគារផងដែរ។

ដំណើរវិវត្ដរ៍

ដូចទៅនឹងស្ថាបត្យកម្មដទៃទៀតដែលត្រូវបានបង្កើតកន្លងមកក្នុងប្រវត្តិសាស្ដ្រ ស្ថាបត្យកម្មខ្មែរថ្មី គឺជាសមិទ្ធិផលដែលទទួលបានមកពីឥទ្ធិពល ក៏ដូចជាការវិវត្ដន៍ជាច្រើនឆ្នាំនៃរចនាបថបុរាណ និងសហសម័យ។ យោងតាមការចុះផ្សាយមួយរបស់រដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៦២ ការអភិវឌ្ឍន៍ផ្នែកស្ថាបត្យកម្មទំនើបក្នុងប្រទេសកម្ពុជានាសម័យសង្គមរាស្រ្ដនិយម​ ត្រូវបានចាប់ផ្ដើមពីការយកលំនាំអគារបែបសហសម័យដែលនិយមឃើញនៅតំបន់អឺរ៉ុប។ យ៉ាងណាមិញ ក្នុងអំឡុងរយៈកាលនេះ ស្ថាបត្យករខ្មែរជាច្រើនរូបបានចាប់ផ្ដើមសិក្សាវិភាគលើការបង្កើតរចនាបថមួយដែលមានលក្ខណៈប្លែកពិសេសសម្រាប់ប្រទេសកម្ពុជា។

នៅដើមសម័យសង្គមរាស្ដ្រនិយម យើងពុំឃើញមានសា្ថបត្យករដែលជាជនជាតិខ្មែរនោះទេ។ ស្ថាបត្យករនាពេលនោះ ភាគច្រើនជាជនជាតិបារាំងដែលបានបន្តរស់នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីអាណានិគមបារាំងបានចាកចេញក្នុងឆ្នាំ១៩៥៣។ លោក Henri Chatel ជាស្ថាបត្យករដែលបានចូលរួមរចនាររូបរាងនៃសំណង់អគារបែបទំនើបដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលរួមមានប្លុកអគារលំនៅឋាន និងស្ថាប័នរដ្ឋមួយចំនួនដូចជា ធនាគារជាតិនៃកម្ពុជា និងក្រសួងការពារជាតិជាដើម។ នៅក្នុងដំណាក់កាលនៃការវិវត្តន៍ រចនាបថទំនើបនេះមិនទាន់មានលក្ខណៈសម្គាល់របស់ខ្លួននៅឡើយទេ ដោយឡែក ត្រូវបានគេចាត់ទុកជាការវិភាគសិក្សាបន្ថែមលើវិសាលភាពនៃស្ថាបត្យកម្មទំនើបដែលគេបានស្គាល់ពីមុនមកទៅវិញ។ យ៉ាងណាមិញ ស្ថាបត្យកម្មនេះមានលក្ខណៈខុសប្លែកពីស្ថាបត្យកម្មអាណានិគមអឺរ៉ុប ដែលពុំមានការគិតគូរលើកត្ដាអាកាសធាតុក្នុងតំបន់ត្រូពិចនោះទេ។ ទោះបីជាមានភាពលម្អៀងទៅលើរចនាបថរបស់បស្ចិមប្រទេសក៏ពិតមែន អគារទាំងឡាយដែលជាស្នាដៃរបស់លោក Henri Chatel មានបន្ថែមនូវទម្រង់ជា VVV និងក្បាច់តុបតែងបែបប្រពៃណី ដែលបន្ទាប់មកក៏ត្រូវបានកំណត់ជាក្បាច់លម្អតុបតែងនៃស្ថាបត្យកម្មខ្មែរថ្មីទាំងមូល។

រហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៥០ ទើបប្រទេសកម្ពុជាមានស្ថាបត្យករជាជនជាតិខ្មែរ ដែលបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម។ ដំបូងឡើយ ស្ថាបត្យករខ្មែរទាំងនោះបានត្រឹមតែអនុវត្តតាមវិធីសាស្ដ្រដែលពួកគាត់បានសិក្សាពីបរទេស គួបផ្សំនឹងវិធីសាស្ដ្រដែលលោក Chatel បានណែនាំ និងអនុវត្តនៅដើមសម័យសង្គមតែប៉ុណ្ណោះ។ យើងក៏ឃើញមានការពិសោធន៍ប្រើប្រាស់ក្បាច់តុបតែងប្រពៃណីនៅតាមអគារ និងគម្រោងមួយចំនួនផងដែរ ប៉ុន្ដែក្បាច់តុបតែងទាំងនោះពុំមានលក្ខណៈគួរឲ្យកត់សម្គាល់ខ្លាំងនោះទេ។

លុះមកដល់ឆ្នាំ១៩៦១ សាលសន្និសីទចតុមុខ ត្រូវបានសាងសង់ឡើង ដែលជាស្នាដៃរបស់ស្ថាបត្យករ វណ្ណ មូលីវណ្ណ។ បន្ទាប់ពីបានសិក្សាពីរចនាបថប្រពៃណីជាច្រើនឆ្នាំនៅពេលដែលទើបនឹងបញ្ចប់ការសិក្សា លោកវណ្ណ មូលីវណ្ណបានបង្កើតនូវរចនាបថថ្មីមួយ ដែលជាការបូកបញ្ចូលគ្នារវាងវិធីសាស្ដ្រ និងសម្ភារៈសំណង់បែបទំនើប ជាមួយនឹងក្បាច់តុបតែងប្រពៃណីខ្មែរដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយ។ ដោយបានប្រើប្រាស់រចនាបថដែលមានលក្ខណៈស្រដៀងទៅនឹងអ្វីដែលយើងមាន និងអ្វីដែលបានឃើញកន្លងមក សាលសន្និសីទនេះត្រូវបានចាត់ទុកជាកាតាលីករដែលជម្រុញឲ្យមានការអនុវត្ត និងសាងសង់ស្ថាបត្យកម្មខ្មែរថ្មីទូទាំងប្រទេស។

University of Health Science

Architect: Leroy & Mondet
Built: 1955
Status: Still retain its original function

In the later years of the French colonial period, rational modern architecture started to appear in Cambodia. Although some aspects of French neo-classicism remained, builders began to think more about climate-sensitive designs and relinquish the use of extravagant ornamentations.

National Bank of Cambodia

Architect: Henri Chatel
Built: circa 1950s
Status: Demolished

Colonial architect, Henri Chatel was one of the first people to introduce mid-century modern architecture to Cambodia with sympathy to its climate. His works would later go on to inspire Molyvann’s later works.

Council of Ministers

Architect: Vann Molyvann
Built: circa 1950s
Status: Demolished

Modern architecture in Cambodia in the early 1950s were more or less indistinguishable from any other modern architecture around the world.

Chaktomuk Conference Hall

Architect: Vann Molyvann
Built: 1961
Status: Still retains original function

Chaktomuk Conference Hall was likely the first of many modern buildings in Cambodia to truly capture the spirit of the century and to forge an identity of its own.

Teacher Training College (IFL)

Architect: Vann Molyvann
Built: 1972
Status: Currently in use as IFL

With new found confidence, architects like Vann Molyvann started to experiment even more with building silhouettes, structural components and climate-sensitive features, which became even more abstract.

ស្ថាបត្យនិកសំខាន់ៗ

ដូចដែលយើងបានដឹងហើយថា បុគ្គលដែលជម្រុញឲ្យមានការបង្កើតស្ថាបត្យកម្មខ្មែរថ្មី គឺសម្ដេចព្រះ សីហនុ ដែលបានរួមចំណែកក្នុងការបង្កើតគោលគំនិតសម្រាប់គម្រោងជាច្រើន និងពេលខ្លះទៀត ទ្រង់ក៏បានចូលរួមជាអ្នករចនាតុបតែងផ្នែកខាងក្នុងនៃគម្រោងទាំងនោះផងដែរ ថ្វីត្បិតតែព្រះអង្គពុំធ្លាប់បានសិក្សាផ្នែករចនាក៏ដោយ។ យោងតាមស្ថាបត្យករដែលធ្លាប់បានសហការជាមួយព្រះអង្គកន្លងមក សម្ដេចព្រះ សីហនុ ជាបុគ្គលដែលមានព្រះទ័យបើកទូលាយនឹងទទួលយកគំនិតថ្មីៗ និងតែងតែលើកទឹកចិត្តពួកគាត់ដើម្បីសម្រេចបាននូវលទ្ធិផលក្នុងស្ដង់ដារកម្រិតខ្ពស់។

ស្ថាបត្យករដែលទទួលបានការស្ញប់ស្ញែង និងល្បីល្បាញខ្លាំងជាងគេ គឺប្រហែលជាលោក វណ្ណ មូលីវណ្ណ ជាស្ថាបត្យករខ្មែរដំបូងគេមួយរូបដែលបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម។ អំឡុងពេលដែលគាត់បានចំណាយពេលនៅប្រទេសបារាំង គាត់បានសិក្សាពីស្ថាបត្យកម្មទំនើប តួយ៉ាងគឺស្នាដៃរបស់ស្ថាបត្យករ Frank Llyod Wright, Paul Rudolph, និង Le Corbusier ដែលស្នាដៃទាំងនោះត្រូវបានក្លាយជាការបណ្ដុះគំនិតដែលគាត់បានដកស្រង់សម្រាប់សមិទ្ធិផលរបស់គាត់។ បន្ទាប់ពីបានបញ្ចប់ការសិក្សា និងត្រលប់មកកាន់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៥៦ លោកវណ្ណ មូលីវណ្ណ ត្រូវបានតែងតាំងជាស្ថាបត្យកររដ្ឋ នៅក្នុងឆ្នាំបន្ទាប់ ក្នុងវ័យ ៣០ឆ្នាំ។ ចាប់តាំងពីពេលនោះមក គាត់បានរចនាសំណង់អគារជាង ១០០គម្រោង ក្នុងរចនាបថស្ថាបត្យកម្មដែលគាត់បានចូលរួមបង្កើតនៅក្នុងសម័យសង្គមរាស្ដ្រនិយម។ ស្នាដៃដែលទទួលបានចំណាប់អារម្មណ៍ជាងគេរបស់គាត់រួមមាន សាលសន្និសីទចតុមុខ ពហុកីឡាដ្ឋានជាតិអូឡាំពិក វិទ្យាស្ថានភាសារបរទេស និងបុរី ១០០ខ្នង។

ស្ថាបត្យករសំខាន់មួយរូបទៀតគឺ លោកលុយ បានហាប់ ដែលគាត់ក៏បានទទួលអាហាររូបករណ៍សិក្សានៅទីក្រុងបារីស រយៈពេល ៣ឆ្នាំ ដូចស្ថាបត្យករវណ្ណ មូលីវណ្ណ ដែរ។ គាត់បានសម្ដែងពីបំណងក្នុងការបន្ដអាជីពការងារនៅប្រទេសប្រេស៊ីលទៅកាន់ សម្ដេចព្រះ សីហនុ ប៉ុន្ដែទ្រង់ក៏មានព្រះរាជគំនិតនាំយុវជនខ្មែរវ័យក្មេងដែលមានភាពប៉ិនប្រសប់មួយរូបនេះមកកម្ពុជាវិញ ដើម្បីជួយកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកលុយ បានហាប់ ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋាននគររូបនីកម្ម និងលំនៅឋានពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧៥ ដែលគាត់មានតួនាទីចូលរួមចំណែកក្នុងការរៀបចំ និងអភិវឌ្ឍន៍ទីក្រុង។ គាត់ក៏បានរចនាគម្រោងសំខាន់ៗមួយចំនួនដូចជា សណ្ឋាគារកាំបូឌីយ៉ាណា សាលមហោស្រពចេនឡា និងវីឡារមនា (សព្វថ្ងៃជារមណីយដ្ឋាន ថ្ងៃបាំងច័ត្រ) ជាដើម។

ស្ថាបត្យករ វិស្វករ និងសិល្បៈករចម្លាក់សរុបជាង ៥០នាក់ បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ស្ថាបត្យកម្មទំនើបនេះ ដែលរួមមាន លោកម៉ម សូផាណា (ស្ថាបត្យករនៃមន្ទីរពេទ្យព្រះកុសុមៈ), លោកអ៊ុង ក្រពុំផ្កា (ស្ថាបត្យករនៃសកលវិទ្យាល័យជាតិបាត់ដំបង), លោក Leroy និង Mondet (ស្ថាបត្យករនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ) និងលោក Vladimir Bodiansky (វិស្វករនៃពហុកីឡាដ្ឋានជាតិអូឡាំពិក)។ល។ វត្តមាននៃអ្នកជំនាញ ព្រមទាំងបុគ្គលដែលមានភាពច្នៃប្រតិដ្ឋ ដែលមានប្រវត្តិនៃការសិក្សា និងគំនិតនៃការរចនាខុសៗគ្នាទាំងនេះ បានបង្ហាញជាទិដ្ឋភាពថ្មីមួយនៃការរួមគំនិតក្នុងការបង្កើតស្ថាបត្យកម្មទំនើបមួយនេះ។

សមិទ្ធិផល៖ ស្ថាបត្យកម្ម

សាលសន្និសីទចតុមុខ៖

សាលសន្និសីទចតុមុខ ត្រូវបានសាងសង់នៅលើតំបន់ដីចាក់បំពេញថ្មីនៅក្នុងសង្កាត់ចតុមុខ ក្នុងរចនាបថស្ថាបត្យកម្មខ្មែរថ្មី។ ទម្រង់នៃអគារទាំងមូលមានរាងដូចជាផ្លិត ដែលជាក្បាច់រចនាយកលំនាំតាមដើមត្នោតដែលយើងតែតែងឃើញមាននៅក្នុងវប្បធម៌ខ្មែរជាយូរណាស់មកហើយ។ ចំណែកឯដំបូលវិញមានរាងស្ដួច របត់ជាត្រីកោណ និងមានទីធ្លាបើកចំហពាក់កណ្ដាលនៅជាន់ផ្ទាល់ដី ដែលក៏ជារចនាបថដែលផ្សាភ្ជាប់ទៅនឹងសំណង់ប្រពៃណីខ្មែរផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់ផ្នែកនៃសាលសន្និសីទនេះត្រូវបានសាងសង់ដោយប្រើសម្ភារៈ និងវិធីសាស្ដ្រសាងសង់ទំនើបៗ ដើម្បីបំពេញតម្រូវការនៅក្នុងសម័យថ្មី។

ពហុកីឡាដ្ឋានជាតិអូឡាំពិក៖

សាងសង់ឡើងក្នុងគោលបំណងដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្ដិការណ៍ស៊ីហ្គេម (SEA Game) ឆ្នាំ១៩៦៣ ពហុកីឡាដ្ឋានជាតិអូឡាំពិកត្រូវបានសាងសង់ក្នុងសន្ទុះល្បឿនដ៏លឿនមួយ ព្រមទាំងស្ថិតក្នុងស្ដង់ដារថែមទៀតផង។ បច្ចុប្បន្នត្រូវបានគេស្គាល់ជា «ស្តាតអូឡាំពិក» ពហុកីឡាដ្ឋានដែលមានទំហំ ៤០ហិកតានេះ មានអាងស្ដុកទឹកនៅជុំវិញដែលបង្កើតបានជាប្រព័ន្ធប្រឡាយទឹក និងជាការបណ្ដុះគំនិតដែលស្ថាបត្យករវណ្ណ មូលីវណ្ណ បានដកស្រង់ពីប្រាសាទអង្គរវត្ត។ អាងស្ដុកទឹកទាំងនេះមិនត្រឹមតែមាននាទីជាប្រព័ន្ធបង្ហូរទឹកសម្រាប់កីឡាដ្ឋានទាំងមូលប៉ុណ្ណោះទេ ថែមទាំងបង្កើតជាទីតាំងដែលមានបរិយាកាសត្រជាក់ស្រស់ស្រាយសម្រាប់ការជួបជុំទៀតផង។ គោលការណ៍នៃនយោបាយរាស្រ្ដនិយមដែលផ្តោតសំខាន់លើតម្រូវការរបស់មនុស្សបានពង្រីកវិសាលភាពរបស់ខ្លួនទៅក្នុងវិស័យស្ថាបត្យកម្ម ដោយការបន្ថែមនូវរន្ធខ្យល់ សំយ៉ាប និងជញ្ជាំងការពារកម្ដៅ ត្រូវបានអនុវត្តដើម្បីបង្កើតជាចរន្តខ្យល់ចេញចូល និងផ្ដល់ពន្លឺគ្រប់គ្រាន់ទៅក្នុងអគារ។ ដោយឡែក ការសាងសង់ពហុកីឡាដ្ឋាននេះក៏បានទទួលការររិះគន់ផងដែរ ដោយសារការចំណាយថវិការជាច្រើនទៅលើការសាងសង់ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយសង្គ្រាមវៀតណាម។ យ៉ាងណាមិញ ប្រទេសកម្ពុជានៅតែទទួលបានការកោតសរសើ ពីសាធារណៈដែលទទួលបានសមិទ្ធិផលថ្មីមួយទាំងក្នុងវិស័យវិស្វកម្ម និងស្ថាបត្យកម្មដែលពុំអាចប្រៀបផ្ទឹមបាន។

វិទ្យាស្ថានភាសារបរទេស៖

វិទ្យាស្ថានភាសាបរទេស ដែលត្រូវបានសាងសង់ដំបូងជាមជ្ឍមណ្ឌលបណ្ដុះបណ្ដាគ្រូរបង្រៀន គឺជាស្នាដៃចុងក្រោយរបស់ស្ថាបត្យករ វណ្ណ មូលីវណ្ណ នៅក្នុងប្រទេស។ វិទ្យាស្ថាននេះត្រូវបានបែងចែកជា ៣ផ្នែក ដូចជា (១) អគារកណ្ដាលដែលមានរាងដូចសាជីផ្កាប់ (២) អគារថ្នាក់រៀនដែលសង់ផុតពីដីលើសសរជើងទ្រេតនៅទិសខាងលិច និង(៣) បណ្ណាល័យដែលមានការរចនាដូចមួកស្លឹកត្នោតប្រពៃណីខ្មែរនៅទិសខាងត្បូង។ អគារទាំងនេះសុទ្ធសឹងតែត្រូវបានរចនាឡើយដោយមានការសម្របទៅនឹងអាកាសធាតុក្នុងតំបន់ ដោយមានស្រះទឹក និងអគារដែលសង់ផុតពីដី។ ទោះបីជាត្រូវបានរចនានៅពេលដែលកំពុងមានភាពចលាចលក្នុងវិស័យនយោបាយក៏ដោយ ទម្រង់ និងដំបូលនៃអគារទាំងអស់គឺជាការរចនាដែលមានភាពច្នៃប្រតិដ្ឋ និងមានលក្ខណៈជាការពិសោធន៍ជាងគេក្នុងចំណោមគម្រោងផ្សេងៗទៀតនៅក្នុងតំបន់។

សមិទ្ធិផល៖ នគររូបនីយកម្ម

ទីក្រុងភ្នំពេញ ដែលត្រូវបានគេស្គាល់ជា «គុជនៃអាស៊ី» បានរួចផុតពីការត្រួតត្រារបស់អាណានិគមបារាំង និងបានអភិវឌ្ឍក្លាយជាទីក្រុងដ៏ទំនើបជាងគេមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។ ទេសចរដែលបានមកកាន់ប្រទេសកម្ពុជានាសម័យនោះ មានភាពភ្ញាក់ផ្អើលជាខ្លាំងដែលបានឃើញទិដ្ឋភាពទីក្រុងដែលមានដើមឈើធំៗអមនៅតាមដងផ្លូវ សួនច្បារដែលមានការរៀបចំត្រឹមត្រូវ និងសំណង់អគារទំនើបៗដែលមានលក្ខណៈសម្បត្តិពិសេសរៀងៗខ្លួន។

Aspects of development

ជាដំបូង ទីក្រុងភ្នំពេញត្រូវបានពន្លាតទៅភាគខាងលិចនៃទីក្រុង ដែលមានអាកាសយាន្ដដ្ឋានអន្តរជាតិពោធ៍ចិនតុងទើបនឹងសាងសង់រួចរាល់។ ស្របពេលនោះក៏មានការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធជាសន្ធឹកសន្ធាប់ដូចជា ផ្លូវគមនាគម៍ សាលារៀន មន្ទីរពេទ្យ ក៏ដូចជាវិធានការគ្រប់គ្រងកាកសំណល់ផងដែរ។ ការធ្វើនគររូបនីយកម្មដ៏មានប្រសិទ្ធិភាពនេះបានជួយរៀបចំទីក្រុងភ្នំពេញ ដើម្បីដោះស្រាយនឹងបញ្ហានៃកំនើនប្រជាជនដែលបានចំណាកស្រុក ពីការទម្លាក់គ្រាប់បែករបស់កងទ័ពអាមេរិកក្នុងតាមតំបន់ជនបទក្នុងចន្លោះឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ ដែលនៅពេលនោះចំនួនប្រជាជននៅក្នុងទីក្រុងបានកើនឡើងពី ៣៧ម៉ឺននាក់ ដល់ ១លាននាក់។ ក្រោយមក គម្រោងដែលបានសាងសង់លើតំបន់ដីចាក់បំពេញថ្មីនៅក្នុងសង្កាត់ទន្លេបាសាក់ និងកោះពេជ្រ បានក្លាយជាផ្នែកមួយនៃតំបន់ទីប្រជុំជននៃទីក្រុងភ្នំពេញ។

Expansion of the city

ដើម្បីដោះស្រាយបញ្ហានៃកំណើនប្រជាជនដែលរស់នៅក្នុងទីក្រុងភ្នំពេញ អាជីវករ និងអ្នកអភិវឌ្ឍន៍ដែលភាគច្រើនជាជនជាតិចិន បានក្លាយជាកត្ដាដែលជួយជម្រុញឲ្យមានការសាងសង់ប្លុកអគារក្នុងលំនាំផ្ទះល្វែង ដើម្បីជាការជំនួសឲ្យផ្ទះល្វែងសម័យអាណានិគមដែលសាងសង់សម្រាប់ដង់ស៊ីតេប្រជាជនកម្រិតទាប។ ប្លុកអគារលំនៅឋានទាំងនោះត្រូវបានសាងសង់ក្នុងគោលបំណងជាលំនៅឋានសម្រាប់ប្រជាជនពីគ្រប់មុខងារ និងវណ្ណៈ ហើយមកដល់សព្វថ្ងៃនេះ អគារទាំងនោះនៅតែបន្ដជាលំនៅឋានសម្រាប់ប្រជាជនជាច្រើនគ្រួសារនៅក្នុងទីក្រុងភ្នំពេញ។ ទោះបីជាគម្រោងសាងសង់ខ្លះជាគម្រោងឯកជនក៏ដោយ ក៏បរិបទនៃភាពច្នៃប្រតិដ្ឋដែលត្រូវបានបង្កើតដោយសម្ដេចព្រះ សីហនុ និងស្ថាបត្យករជាច្រើនរូបរបស់ព្រះអង្គ នៅតែអាចឆ្លើយតបនឹងតម្រូវការរបស់អ្នកអភិវឌ្ឍន៍ទាំងនោះ ដែលបានសាងសង់អគារស្របតាមស្ដង់ដារ និងមានការរចនាយ៉ាងផ្ចិតផ្ចង់គួរឲ្យកត់សម្គាល់។

Different types of dwelling

មិនតែប៉ុណ្ណោះ ប្រទេសកម្ពុជាក៏បានសិក្សាពិសោធន៍លើគម្រោងលំនៅឋានរួមនៅតាមតំបន់អភិវឌ្ឍន៍មួយចំនួនទៀតក្រៅពីទីក្រុងភ្នំពេញ ដូចជាក្រុងកំពង់ចាម និងក្រុងតាខ្មៅជាដើម។ តួយ៉ាង គម្រោងដូចជាប៊ូឌីងស ប៊ូឌីងប្រផេះ និងលំនៅឋានដែលត្រូវបានចាក់គ្រឿងបង្គុំប៉េតុងទុកជាមុន (ដែលត្រូវបានណែនាំដោយស្ថាបត្យករលុយ បានហាប់) បានបង្ហាញជាការរួមបញ្ចូលនូវជីវភាពរស់ក្នុងដង់ស៊ីតេកម្រិតខ្ពស់ ជាមួយនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ។ ស្របពេលជាមួយគ្នានេះដែរ លំនៅឋានសម្រាប់ប្រជាជនដង់ស៊ីតេកម្រិតទាបដែលមានបុរី និងវីឡាឯកជន ត្រូវបានឃើញសាងសង់ក្នុងតាមសង្កាត់មួយចំនួនដូចជា សង្កាត់បឹងកេងកង និងសង្កាត់ទួលគោកជាដើម។

ដំណើរដើមទង ភាគ២ – ការដួលរលំ

ស្ថាបត្យករនាដើមសម័យសង្គមរាស្រ្ដនិយមក៏បានជួបប្រទះនឹងបញ្ហាជាច្រើនផងដែរ។ ប្រទេសកម្ពុជាដែលជាប្រទេសទើបនឹងទទួលបានឯករាជ្យ ពុំមានក្រុមហ៊ុនសំណង់ និងអ្នកជំនាញក្នុងស្រុកដែលមានបទពិសោធន៍គ្រប់គ្រាន់នោះទេ ហើយភាគច្រើនអ្នកដែលមានជំនាញ និងបទពិសោធន៍ទាំងនោះគឺជាជនជាតិបារាំង និងវៀតណាម។ រហូតដល់ពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៦០ ទើបមានវិស្វករជំនាញដែលបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យក្នុងស្រុក ហើយក៏មានការបើកមហាវិទ្យាល័យផ្នែករចនាជាលើកដំបូងនៅតាមសកលវិទ្យាល័យទាំងនោះផងដែរ។ ក្នុងពេលជាមួយគ្នានេះ ប្រទេសកម្ពុជាក៏ចាប់ផ្ដើមទទួលបានការរីកចម្រើនក្នុងវិស័យសំណង់ មិនតែប៉ុណ្ណោះក្រុមហ៊ុនសំណង់ក្នុងស្រុកដូចជាខូវ ជីលី និងកូមិនខ្មែរ ត្រូវបានបង្កើតឡើង ហើយបានទទួលការងារជំនួសក្រុមប្រឹក្សាបរទេសទាំងនោះ។

នៅពេលដែលស្ថាបត្យកម្មខ្មែរថ្មីកំពុងមានការរីកចម្រើនយ៉ាងសន្ទុះ ប្រទេសកម្ពុជាក៏បានចាប់ផ្ដើមជួបនឹងវិបត្តិជម្លោះផ្ទៃក្នុង។ ល្បែងនយោបាយ និងអស្ថេរភាពក្នុងវិស័យហិរញ្ញវត្ថុ ដែលបង្កឡើងដោយសង្គ្រាមប្រទេសវៀតណាម បានធ្វើឲ្យមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ សីហនុ ក្នុងឆ្នាំ១៩៧០ ដែលបានក្លាយជាទីអវសាននៃសម័យសង្គមរាស្ដ្រនិយម។ ចលនាប្រឆាំងនៃសាធារណរដ្ឋខ្មែរដែលដឹកនាំដោយលន់ នល់ ក៏ជាបញ្ហាចម្បងមួយផងដែរ។ គម្រោងសាងសង់ធំៗជាច្រើនត្រូវបានផ្អាក ហើយដោយមិនមានការគ្រប់គ្រងរបស់សម្ដេចព្រះ សីហនុ ស្ថាបត្យកម្មខ្មែរថ្មីដែលកំពុងមានការវិវត្តន៍យ៉ាងខ្លាំងក្លានោះ ក៏ត្រូវបានប្រឈមនឹងការបាត់បង់ផងដែរ។ មានតែគម្រោងមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានបន្ដ និងបញ្ចប់ការសាងសង់ មុននឹងខ្មែរក្រហមបានចូលកាន់កាប់អំណាចទាំងស្រុងក្នុងឆ្នាំ១៩៧៥។

សំណង់អគារ និងស្ថាប័នជាច្រើនដែលពុំមានតម្លៃសម្រាប់ខ្មែរក្រហម ត្រូវបានវាយកម្ទេចចោល ហើយខ្លះទៀតដែលនៅសេសសល់ក៏ស្ថិតក្នុងសភាពទ្រុឌទ្រោមជាខ្លាំង ដោយសារតែមិនទទួលបានការថែទាំត្រឹមត្រូវ។ បញ្ញវន្ដ និងអ្នកមានចំណេះដឹងជាច្រើននាក់ដូចជា ស្ថាបត្យករ វណ្ណ មូលីវណ្ណ និងលុយ បានហាប់ បានភៀសខ្លួនទៅក្រៅប្រទេស ហើយចំណែកឯអ្នកដែលបានបន្ដរស់នៅក្នុងប្រទេសកម្ពុជាត្រូវបានសម្លាប់យ៉ាងអណោចអធម។ ក៏ប៉ុន្ដែ ទោះបីជាបន្ទាប់ពីការផ្ដួលរំលំនៃរបបកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៧៩ និងការដកទ័ពវៀតណាមចេញពីប្រទេសក្នុងឆ្នាំ១៩៨៩ ក៏ដោយ ក៏សកម្មភាពនៃការសាងសង់ថ្មីៗពុំទាន់ឃើញកើតមាននោះឡើយ។

ខណៈពេលនោះ ទីក្រុងភ្នំពេញ ដែលជាអតីត «គុជនៃតំបន់អាស៊ី» មិនត្រូវបានក្លាយជាទីក្រុងគំរូដែលបានផ្ដល់ការបណ្ដុះគំនិតដល់ប្រធានាធិបតេយ្យ Lee Kuan Yew សម្រាប់ប្រទេសសិង្ហបុរីទៀតឡើយ។ លុះមកដល់ឆ្នាំ១៩៩៣ បន្ទាប់ពីបានរៀបចំផ្លាស់ប្ដូរប្រទេសទៅជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញជាលើកទី២ ទើបវិស័យសំណង់បានចាប់ផ្ដើមដំណើរការជាថ្មីម្ដងទៀត ដែលអំឡុងពេលនោះ សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាក៏បានស្រោចស្រង់ឡើងវិញផងដែរ។ យ៉ាងណាមិញសា្ថបត្យកម្មខ្មែរថ្មីពុំទាន់បានអនុវត្តនៅឡើយទេ ដោយចលនានេះត្រូវបានបង្កើតនៅក្នុងសម័យដែលស្ថិតក្រោមការគ្រប់គ្រងរបស់សម្ដេចព្រះ សីហនុ។

កេរ្ត៍មរតក - សេចក្ដីបញ្ចប់

ទោះបីជាប្រទេសជាតិបានទទួលសន្ដិភាពក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ក៏ដោយ រលកសង្គ្រាមដ៏រាំរៃបានធ្វើឲ្យការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះជាដរាប។ យ៉ាងណាមិញ សំណង់ដែលមានស្ដង់ដារខ្ពស់ទាំងឡាយដែលបានបន្សល់ទុកពីសម័យសង្គមរាស្ដ្រនិយមត្រូវបានក្លាយជាលំនៅឋាន និងបានបំពេញតម្រូវការផ្សេងៗសម្រាប់ប្រជាជនជាច្រើននាក់ក្នុងរយៈកាលនៃការផ្លាស់ប្ដូរនេះ។

Buildings that remain in use

ដោយសារស្ថាបត្យករ និងអ្នកជំនាញមួយចំនួនបានភៀសខ្លួនទៅក្រៅប្រទេសដើម្បីរត់គេចពីរបបខ្មែរក្រហម ប្រទេសកម្ពុជាបានជួបនឹងបញ្ហានៃការខ្វះខាតផ្នែកធនធានមនុស្សក្នុងការកសាងប្រទេសឡើងវិញ។ បន្ទាប់ពីការដួលរលំនៃសម័យសង្គមរាស្ដ្រនិយមក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយដោយសារឯកសារដែលពាក់ព័ន្ធនឹងស្ថាបត្យកម្មដែលធ្លាប់បានក្លាយជាអត្តសញ្ញាណជាតិត្រូវបានបាត់បង់ និងបំផ្លាញចោលស្ទើរតែទាំងស្រុង ស្ថាបត្យករជំនាន់ក្រោយបានស្វះស្វែងរកអំណះអំណាងផ្សេងៗ ដើម្បីធ្វើជាគំរូសម្រាប់ការសាងសង់ និងអភិវឌ្ឍន៍ថ្មី។ ដោយមានការរួមបញ្ចូលផ្នែកផ្សេងៗដែលមាននៅតាមអគារដែលនៅសេសសល់ពីទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ស្ថាបត្យកម្មដែលបានសាងសង់ក្រោយសម័យសង្គ្រាមមួយចំនួន ត្រូវបានសាងសង់ដោយប្រើក្បាច់តុបតែងនៃស្ថាបត្យកម្មខ្មែរថ្មី។

Altered/demolished buildings

ការរីកចម្រើននៃវិស័យសេដ្ឋកិច្ច និងសំណង់ក៏ជាកត្តាចម្បង ដែលធ្វើឲ្យសមិទ្ធិផលនៃស្ថាបត្យកម្មខ្មែរថ្មីប្រឈមនឹងគ្រោះថ្នាក់ផងដែរ។ ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលជាទីផ្សារសម្រាប់ប្រជាជនដែលមានជីវភាពកម្រិតមធ្យម និងកម្រិតខ្ពស់ បានចាប់ផ្ដើមអនុវត្តរចនាបថផ្សេងពីស្ថាបត្យកម្មខ្មែរថ្មី ដែលជំនួសដោយស្ថាបត្យកម្មនីអូក្លាសិក ដែលមានរូបសណ្ឋានដូចៗគ្នា និងពុំមានដើមកំណើតច្បាស់លាស់។ អ្នកវិនិយោគបរទេសក៏ជាកត្ដាប្រឈមមួយផ្សេងទៀត ដោយអគារសំខាន់ៗក្នុងសម័យសង្គមរាស្ដ្រនិយមមួយចំនួនត្រូវបានធ្វើការកែច្នៃ ឬវាយកម្ទេចចោល ដែលនេះអាចបណ្ដាលមកពីការសិក្សាពុំបានដឺតដល់ពីគុណតម្លៃ និងប្រវត្តិនៃអគារទាំងនោះ។ ឬចំពោះស្ថាបត្យករក្នុងសម័យសង្គម សមិទ្ធិផលនេះមានលក្ខណៈប្លែកពិសេសអស្ចារ្យ ដែលអាចចាត់ជាផ្នែកមួយដោយឡែកពីគេ ក៏ប៉ុន្ដែសម្រាប់បុគ្គលមួយចំនួន ស្ថាបត្យកម្មនេះអាចមានលក្ខណៈទំនើបពេក ឬមិនមានលក្ខណៈជាខ្មែរ ដើម្បីរក្សាអភិរក្ស ឬចាត់ទុកជាបេតិកភណ្ឌជាតិ។

យ៉ាងណាមិញ មនុស្សជាច្រើនបានទទួលស្គាល់ថា ពុំមានបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ណាដែលបានទទួលសមិទ្ធិផលក្នុងផ្នែកស្ថាបត្យកម្មដូចប្រទេសកម្ពុជាក្នុងឆ្នាំ១៩៦០ នោះឡើយ។ ខណៈពេលដែលបណ្ដាប្រទេសដទៃបានកំពុងអនុវត្តនិន្នាការស្ថាបត្យកម្មក្នុងបរិបទអន្ដរជាតិ ស្ថាបត្យកម្មខ្មែរថ្មីគឺជាករណីដ៏កម្រមួយ ដែលស្ថាបត្យកម្មនេះមានដើមកំណើតជាដង្ហើម និងផ្នែកមួយនៅក្នុងបេតិកភណ្ឌវប្បធម៌បុរាណ។ ទោះបីជាស្ថាបត្យកម្មខ្មែរថ្មីពុំមានវិសាលភាពទូលំទូលាយដូចរចនាបថអង្គរ និងមានរូបភាពប្លែកដូចស្ថាបត្យកម្មអាណានិគមបារាំងក៏ដោយ ក៏ទស្សនៈទាន និងវិធីសាស្ដ្រដែលបានអនុវត្ត គឺជាកត្តាដែលគួរទទួលបានចំណាប់អារម្មណ៍បន្ថែមនៅក្នុងប្រវត្តិសាស្ដ្រនៃសិល្បៈខ្មែរ។